(បន្ទាយមានជ័យ)៖ ដោយសារតែភាពរកាំរកូស នៅក្នុងគ្រួសារច្រើនដង បុរសវ័យកណ្តាលម្នាក់ បានផ្ទុះកំហឹងទប់លែងជាប់ ចាក់សម្លាប់ប្រពន្ធរបស់ខ្លួន ហើយបន្ទាប់ពីនោះរូបគេក៏បានចងក សម្លាប់ខ្លួនឯងផងដែរ។

ហេតុការណ៍នេះ នៅវេលាម៉ោង១៖៣៥នាទីរសៀល ថ្ងៃទី១៧ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ នៅភូមិប្រសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យឈ្មោះ កន គិន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាប្រពន្ធ មានឈ្មោះ សុខ មុំ ភេទស្រី អាយុ៤៤ឆ្នាំ

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពប្រើកាំបិតកៃចាក់ទម្លុះចំបំពង់ ក ជនរងគ្រោះ រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា បណ្តាលអោយស្លាប់នៅចម្ងាយប្រមាណ៣ម៉ែត្រពីផ្ទះជនរងគ្រោះ។ ក្រោយពីបានសម្លាប់ជនរងគ្រោះហើយ ជនសង្ស័យ ក៏បានទៅចងកសម្លាប់ខ្លួនឯង នៅលើដើមម្កាក់ព្រៃ ដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីផ្ទះ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានឲ្យដឹងទៀតថា ករណីនេះបើតាមការសាកសួរបឋមពីរលោកមេភូមិ ក៏ដូចជាអ្នកជិតខាងបានអោយដឹងថា អ្នកទាំង២នាក់ រស់នៅជាមួយគ្នាជាប្ដី ប្រពន្ធតែងតែមានរឿងរកាំរកូស ហើយជនបង្ករស់នៅជាមួយប្រពន្ធដើម ម្តងរស់នៅជាមួយប្រពន្ធក្រោយ ទើបបណ្តាលអោយមានទំនាស់រហូតឈានដល់ការសម្លាប់ជនរងគ្រោះ ហើយធ្វើអត្តឃាតខ្លួនឯងតែម្ដង។

បច្ចុប្បន្នសាកសពទាំង២ត្រូវបានបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕