(ភ្នំពេញ)៖ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិមួយចំនួន នឹងទៅចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី​ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ ប៉ុន្តែ លោក កឹម សុខា ប្រធានគណបក្សប្រឆាំង នឹងមិនបានទៅចូលរួមទេ។ នេះបើតាមការអះអាងរបស់ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្រ្គោះជាតិ។

លោក​ ប៉ុល ហំម បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះថា លោក និងតំណាងរាស្រ្តមួយ ចំនួនទៀត នឹងទៅចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន។ ការគោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងក្នុងនាមសមាជិកសភា ប៉ុន្តែទោះជាយ៉ាងណា លោកមិនប្រាកដថា នឹងមានតំណាងរាស្រ្តប៉ុន្មានទៅចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា នោះទេ។

លោកបានបញ្ជាក់ថា ចំពោះរូបលោក គឺបានលុបចោលកម្មវិធីចុះសំណេះសំណាលតាមខេត្ត ជាមួយសកម្មជន និងប្រជាពលរដ្ឋ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ដោយសារតែថ្ងៃស្អែកនេះ គឺជាថ្ងៃចុងក្រោយសម្រាប់បុណ្យសពដែរ។ លោកបានថ្លែងថា ចំពោះលោក កឹម សុខា គឺលោកមិនបានចូលរួមទេ ដោយសារតែជាប់រវល់ទៅក្រៅប្រទេស។

សូមបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង០៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ នៅក្នុងជន្មាយុ៦៦ឆ្នាំ។

ពេលនេះសពសម្តេច កំពុងតែរៀបចំពិធីបុណ្យ នៅគេហដ្ឋានសម្តេច នាសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុនរំកិលចេញពីភូមិគ្រឹះ ឆ្ពោះទៅកាន់ទីឈាបនដ្ឋាន មុខវត្តបទុមវត្តី ដើម្បីបូជាជាកិច្ចបង្ហើយបុណ្យ ម៉ោង៧៖០០ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ខាងមុខ៕