(ត្បូងឃ្មុំ)៖ លោក​ អូស្មាន​ ហាស្សាន់​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការ ត្រួតពិនិត្យ ហាឡាលកម្ពុជា បានលើកឡើងថា​ ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព​ ក្រោមការដឹកនាំរបស់​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ទើបយើងមានឱកាសអភិវឌ្ឍខ្លួនលើគ្រប់វិស័យ។​

លោក​ អូស្មាន​ ហាស្សាន់ បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធ​ កំពុងរីកដុះដាល​ យ៉ាងឆាប់រហ័ស​ ប្រព័ន្ធគមនាគមន៍​ កាន់តែស្អាត​ និងអាចធ្វើដំណើរ​ ដឹកជញ្ជូនកាន់ងាយស្រួល។​ ទន្ទឹមនឹងនេះ​ សហគមន៍ខ្មែរឥស្លាម ក៏បាននឹងកំពុងអភិវឌ្ឍខ្លួន យ៉ាងឆាប់ រហ័ស ដែលយើងអាចមើលឃើញច្បាស់​ ពីជីវភាពបងប្អូនឥស្លាមកាន់តែមានភាពធូរធា​ ហើយ សំណង់អាគារ​ សាលារៀន​ និង​ ស៊ូរ៉ាវ​ វិហារ​ឥស្លាមដ៏ស្រស់ស្កឹមស្កៃ​  និងស្រស់ស្អាត​ មាននៅស្ទើគ្រប់ភូមិឥស្លាម​ ទូទាំងប្រទេស។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ បានថ្លែងដូចនេះ​ ក្នុងឱកាសដែរលោក​ និង​សហការី​ អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ​ បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម​ នៅភូមិស្វាយឃ្លាំង​ ឃុំព្រែកចាម​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃុំ​ និង​បានបន្ត ទៅសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម​ នៅភូមិអូរអំពិល​ ឃុំបឹងល្វា​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​ នៅថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០១៧នេះ។

នៅចំពោះមុខ​ ថ្នាក់ដឹកនាំឥស្លាម បងប្អូនប្រជាពលរដ្ឋ​  និង​យុវជន​ជាច្រើនរយនាក់​ ដែលភាគច្រើនជាគ្រូបង្រៀនខ្មែរឥស្លាម​ លោកបានបន្តថា​ រាជរដ្ឋាភិបាល​ ដែលមានសម្តេចតេជោជាប្រមុខ​ បានផ្តល់​ និងអនុគ្រោះ​ សព្វបែបយ៉ាង​ជូនដល់ សហគមន៍ខ្មែរឥស្លាម​ ដែលមិនអាចកាត់ថ្កៃបាន។ ទាំងអស់នេះ​ គឺជាគុណូបការ:​ ដែលមិនត្រូវមើលរំលង​ ហើយយើងត្រូវតែ តបស្នងសងគុណ​ ដោយធ្វើការគាំទ្រចំពោះរាជរដ្ឋាភិបាល​វិញ។

លោករដ្ឋមន្ត្រី បានផ្តាំផ្ញើ​ ឲ្យបងប្អូនសាសនិកឥស្លាមសហការ​ សាមគ្គីគ្នាជាធ្លុងមួយ​ ចៀសវាងការបែកបាក់គ្នា​ ដើម្បីចូលរួមចំណែក ក្នុងការងារអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល​ ប្រកបដោយសុខសន្តិភាព៕