(ស្ទឹងត្រែង)៖ មេបញ្ជាការយោធា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងលោក ជិន ហេង បានរងចោទប្រកាន់ និងពាក្យបណ្តឹង​ពីបទប្រើហិង្សា ដោយដកកាំភ្លើងគំរាមបាញ់ និងវាយចំនួន៣ដៃ ទៅលើបុរសម្នាក់ដែល​ជាអ្នកបើករថយន្តឲ្យមន្រ្តីរដ្ឋ​បាលព្រៃឈើ នៅចំណុចគល់ស្ពានមេគង្គ ក្រុង-ខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ៩ថ្មី។

ជនរងគ្រោះលោក តាំង ណាំស្រ៊ុន អាយុ២៩ឆ្នាំ រស់នៅស្រុកថាឡាបរិវ៉ាត់ បានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្នន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសុំឲ្យជួយរកយុត្តិធម៌ និងចាត់ការតាមច្បាប់។

ជនរងគ្រោះបានភ្នាក់ងារ Fresh News នៅថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០១៧ថា កាលពីយប់ថ្ងៃទី១៥ ខែមីនា មុនដំបូងលោកបានបើក​រថយន្តពី ស្រុកថាឡាបរិវ៉ាត់ បំណងឆ្ពោះចូលមកក្នុងខេត្ត ខណៈដល់ចំណុចគល់ស្ពាន​មេគង្គត្រើយខាងកើត ស្រាប់មាន​រថយន្តមួយ​គ្រឿងរបស់លោក ជិន ហេង ដេញតាមមកឈប់​ពីក្រោយរថយន្តរបស់លោក ។ ភ្លាមនោះលោក ជិន ហេង បានចេញពីក្នុងរថយន្តទាំងសភាពស្រវឹង ដោយមិនមាននិយាយ​ស្តី១ម៉ាត់ រួចហើយលោក ជិន ហេង ក៏បើកទ្វារថយន្ត​ទាញយកកាំភ្លើងខ្លី មកអា-មេ បើកសោរួចសៀតចង្កេះ។ ស្រាប់តែភ្លាមៗ​នោះលោក ជិន ហេង ក៏វាយទៅលើលោកចំនួន៣ដៃ (១ដៃត្រូវមុខ និងពីរដៃទៀតត្រូវក្បាល)។ បន្ទាប់មក លោក ជិន ហេង ក៏បានឡើងរថយន្តទៅវិញបាត់ទៅ។

ពាក់ព័ន្ធនិងករណីនេះលោក ជិន ហេង បានបដិសេធថា លោកមិនបានប្រើអំពើហិង្សាទៅលើឈ្មោះ តាំង ណាំស្រ៊ុន នោះ​ឡើយ នេះគ្រាន់តែជាពាក្យមួលបង្កាច់ប៉ុណ្ណោះ។

ចំណែកលោក ដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តស្ទឹងត្រែង បានប្រាប់ថា ជុំវិញរឿងនេះសមត្ថកិច្ច​នៅ​មិន​ទាន់សម្រេចថា ត្រូវធ្វើយ៉ាងណានោះឡើយដោយសាររង់ចាំប្រមូលភស្តុតាង និងសាក្សីឲ្យបានគ្រប់​ទើបបន្តនីតិវិធី​ទៀត។

ទាក់ទិននិងករណីនេះផងដែរលោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន មេបញ្ជាការយោធាសឹករងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ករណីនេះគឺជារឿងកំប៉ិចកំប៉ុកទេ ហើយចំពោះរឿងដែលមានមន្រ្តីយោធាប្រើប្រាស់អាវុធ ឬក៏យកអាវុធទៅគំរាមកំ​ហែងលើជនណាមួយនោះ គឺជារឿងបុគ្គលមិនមានអ្វីពាក់ព័ន្ធនិងអង្គភាពឡើយ៕