(កណ្តាល)៖ សិស្សានុសិស្សបឋមសិក្សា និងអនុវិទ្យាល័យព្រះពុទ្ធ និងប្រជាពលរដ្ឋជិត១០០០នាក់ ដែលមកពីភូមិក្រាំងទ្រា ភូមិក្រាំងស្បូវ ភូមិប៊ិណ្ណា ភូមិប៊ិនបោរ និងភូមិព្រះពុទ្ធ នៃឃ៊ំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល ទទួលបានសម្ភារសិក្សា និងការពិនិត្យព្យាបាល និងឱសថព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសប្បុរសជន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ។

ឧត្តមសេនីយ៍ឯក ជីម សុខ នាយរងសេនាធិការចំរុះ និងជានាយកទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកកណ្តាលស្ទឹង និងជាប្រធានក្រុមការងារចុះជួយ​ឃុំព្រះពុទ្ធបានសម្តែង​សេចក្តី​រីករាយ និងអរគុណចំពោះ ក្រុមការងារ និងសប្បុរសជនទាំងអស់ ដែលបានចុះមកជួយព្យាបាលជំងឺ ជូនប្រជាជន​នាពេល​នេះ។

ឧត្តមសេនីយ៍ឯក ជីម សុខបន្ដថា សកម្មភាពនេះ បានបញ្ជាក់ពីការសហការល្អ រវាងវិស័យឯកជន សមាគមនានា ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ​របស់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនមានការរើសអើង។

សូមបញ្ជាក់ថា កម្មវិធីចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស និងពិនិត្យាបាលជំងឺ ជូនពលរដ្ឋនេះធ្វើឡើង នៅក្នុងបរិវេន​បឋមសិក្សា និងអនុវិទ្យាល័យ ព្រះពុទ្ធ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដោយមានកិច្ច​សហការ រៀបចំដោយ មន្ទីរពេទ្យប្រ៉ារ៉ាម៩ (ប្រ៉ារាម កៅ)នៃប្រទេសថៃ ក្រុមហ៊ុនបាឡេហ្គាខប សមាគមមិត្តសិល្បៈស្ម័គ្រ​ចិត្តជួយសង្គម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា៕