(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ ពាន់ព័ន្ធប្រទូស្តកេរ្តិ៍ខ្មាស​លើនារីវ័យ​អាយុ២៣ឆ្នាំ ប្រព្រឹត្តនៅលើរថយរថយន្តក្រុងក្រុមហ៊ុន «ថោងស៊ីង» កៅអីលេខA1 នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ដោយជនសង្ស័យឃើញនារីរងគ្រោះ ដេកលក់ក៏បន្លំយកដៃទៅស្ទាបអង្អែលដើមទ្រូង។

លោក ស ប៊ុនសឿង មេបញ្ជាការអាវុធហត្ថរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា «ក្រោយពីកើតហេតុភ្លាម កម្លាំងយើង​ចុះអន្តរាគមន៍ និងមានការ​ឯកភាពពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឈានមកដល់ការឃាត់ខ្លួន​ជនល្មើសបាន នៅក្នុងរថយន្តក្រុងក្រុមហ៊ុន ថោងស៊ីងតែម្តង»។

លោកបន្តថា ជនល្មើសឈ្មោះ កេត សិលា អាយុ២៩ឆ្នាំ រស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្មំពេញ។ ចំណេកនារីរងគ្រោះឈ្មោះ ធ គ អាយុ២៣ឆ្នាំ ជាបុគ្គលិកពេទ្យគ្លីនិកមួយ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នារីរងគ្រោះបានឲ្យដឹងថា នាងបានជិះរថយន្តពីភ្នំពេញពេលយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ មកកាន់ខេត្តបន្ទាយមានជ័យ តែមកដល់ខេត្តបាត់ដំបង នៅវេលាម៉ោងប្រមាណជាង៤ព្រឹកថ្ងៃទី១៨ ខែមីនា ពេលនោះនាងក៏ដេកបន្តទៀត ហើយក៏ដេកលក់ លុះវេលាម៉ោង៥៖៣០នាទី មកដល់ខេត្តបន្ទាយមានជ័យ ស្រាប់តែដឹងខ្លួន ខណៈនោះជនសង្ស័យ ​បានយកដៃលូក​ចាប់ដើមទ្រូង និងបានយកដៃស្ទាបអង្អែលរាងកាយ តែភ្លាមនោះ នាងស្រែលឆោឡោតែម្តង ហើយជនជនសង្ស័យ បានលូតចុះក្រោមកៅអីផ្សេង តែត្រូវបានអ្នករួមដំណើរជួយអន្តរាគមន៍ ប្តឹងមកសមត្ថកិច្ចជួយរកយុត្តិធម៌លើរូបនាង។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពចំពោះមុខច្បាប់ថា ខ្លួនពិតជាបានប្រព្រឹត្ត​ដូចអ្វីដែលបានចោទប្រកាន់​ពិតមែន។

បច្ចុប្បន្នសមត្ថកិច្ចបានកំពុងសាងសំណុំរឿងជនសង្ស័យ ខាងលើបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់៕