(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារឃុំគោកគង់កើត និងឃុំជាខ្លាង រួមជាមួយសហការី និងគណៈកម្មាធិការ​បក្សភូមិ-ឃុំគោកគង់កើត និងបក្សស្រុកកញ្ជ្រៀច បានចូលប្រជុំដោះស្រាយនូវបញ្ហាប្រឈម របស់ប្រជាពលរដ្ឋនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។

បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ បានស្នើ និងសំណូមពរ រួមមាន៖ ការជួសជុលផ្លូវដែលខូចជូនប្រជាជន «សុំគណៈកម្មាធិការ​បក្សឃុំពិនិត្យ និងធ្វើគម្រោងជួសជុល ផ្លូវជាបន្ទាន់»

បន្ថែមពីនោះមានដូចជា បញ្ហាជនខិលខូចប្រើប្រាស់ឧបករណ៍ឆក់ត្រី «សុំមេប៉ុស្តិ៍ឃុំគោក គង់កើតត្រូវធ្វើការស្រាវជ្រាវ រកឲ្យ​ឃើញ ហើយអញ្ជើញមកធ្វើការណែនាំ អប់រំជាបន្ទាន់។ ចំពោះឧបករណ៍ចាប់យកជាភស្តុតាងបាន ត្រូវប្រមូលទុក ហើយលើក​ក្រោយធ្វើវេទិកាចប់ យកដុតកំទេចចោលនៅចំពោះមុខពួកគាត់»

បញ្ហាជីកស្រះទឹកនៅមាត់ស្ទឹងយកធ្វើជាឯកជន និងបញ្ហាធ្វើបៀដាក់សំរាស់យកត្រីក្នុងស្រះត្រពាំងនោះ គណៈកម្មាធិការ​បក្សឃុំ បានស្រាវ ជ្រាវឃើញមានចំនួន០៩នាក់ ដែលបានធ្វើរំលោភយកធ្វើជាឯកជននោះ សុំឲ្យឃុំ និងស្រុកកំណត់ឲ្យ​ច្បាស់ឆាប់ អនុវត្តភ្លាម ជៀសវាងប្រជាពលរដ្ឋមានសតិអារម្មណ៍ព្រោះស្រះត្រពាំងនោះជារបស់រដ្ឋ។ បន្ទាប់មកក្រុមការងារ​បានបន្តចុះពិនិត្យការជួសជុល សាលាមតេយ្យភូមិជ័យមុន្នី។

ជាមួយគ្នានោះដែរ លោក ចាន់ វ៉ាន់ធឿន និងគណៈកម្មាធិការបក្សភូមិ-ឃុំ ​បានបន្តចុះសាកសួរសុខទុក្ខ​ប្រជាពលរដ្ឋក្រីក្រ​លំបាកចំនួន០៥គ្រួសារ ដោយនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ក្នុងនោះ១គ្រួសារទទួលបាន អង្ករ០១បាវ ទំងន់ ២៥kg, ភួយ០១, មុង០១, ប៊ីចេងកន្លះគីឡូ, មី១០កញ្ចប់, អំបិល០២គីឡូក្រោម, ទឹកត្រី០២ដប, ទឹកស៊ីអ៉ីវ០២ដប, ទឹកសុទ្ធ០២​ដប, ទឹកក្រូច០២កំប៉ុង ។

នៅថ្ងៃដដែលនោះ លោក ចាន់ វ៉ាន់ធឿន និងគណៈកម្មាធិការបក្សភូមិ-ឃុំ ​បានចុះទៅពិនិត្យមើលការជួសជុលផ្លូវលំមួយខ្សែ នៅភូមិខ្លាពារ ឃុំជាខ្លាង ស្រុកស្វាយអន្ទរផងដែរ៕