(កំពង់ចាម)៖ កម្មវិធីតេស្តសមត្ថភាពសិស្សថ្នាក់ទី១២ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ គិតមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានសិស្សបានធ្វើតេស្តសាកល្បងចំនួន៣៤,៥០០តេស្ត។ ការប្រកាសរបស់ក្រសួង​អប់រំ យុវជន និងកីឡានាពេលនេះ ធ្វើឡើងនៅក្នុងកម្មវិធី «ផ្សព្វផ្សាយកម្មវិធីពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពសិស្ស​ថ្នាក់​ទី១២ www.bacii.moeys.gov.kh» របស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំធ្វើ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងកម្មវិធីនោះ មានការចូលរួមពី លោក រស់ សាលីន នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារកម្មវិធីពង្រឹងសមត្ថភាព និងតេស្តសមត្ថភាព, សិស្សថ្នាក់ទី១២ ចំនួន២១៣នាក់ នៅវិទ្យាល័យស្រីសន្ធរ ខេត្តកំពង់ចាម, សិស្សថ្នាក់ទី១២ www.bacii.moeys.gov.kh របស់ក្រសួងអប់រំ យុវជន និងកីឡា។

ឆ្លៀតក្នុងឱកាសនោះ លោក រស់ សាលីន បានណែនាំសិស្សានុសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ រៀបចំខ្លួនសម្រាប់ការ ប្រលងទុតិយភូមិនៅខែសីហាខាងមុខនេះ ឱ្យទទួលបានជោគជ័យទាំងអស់គ្នា។ លោកក៏បាន ណែនាំអំពីកម្មវិធីពង្រឹង សមត្ថភាព និងតេស្តសមត្ថភាពរបស់ក្រសួង ដែលមានសារសំខាន់ចំពោះការវាស់​សមត្ថភាពរបស់សិស្ស​បន្ទាប់ពីការ​សិក្សានៅសាលា។  

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡារូបនេះ ក៏បានចែកសៀវភៅតែងសេចក្តីម្នាក់ចំនួន១ក្បាល និងឧបត្ថម្ភថវិកា​ដល់សិស្សថ្នាក់ទី១២ និងវិទ្យាល័យស្រីសន្ធរមួយចំនួន សម្រាប់ប្រើប្រាស់តាមតម្រូវការផងដែរ។

ជាមួយគ្នានោះដែរលោក ងន់ ម័រ សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញអំពីរបៀបប្រើប្រាស់ កម្មវិធីតេស្តរបៀបចុះឈ្មោះ និងការធ្វើតេស្តសម្រាប់មុខទាំង៥ ដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា៕