(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ (CNRP) និងគណបក្ស ផ្សេងទៀតគួរតែបង្រៀនមន្រ្តីរបស់ខ្លួន ឲ្យចេះបណ្តុះចិត្តសប្បុរស និងមានមេត្តាធម៌ចៀសវាង​មានជម្លោះ​នយោបាយ ដោយសារតែភាពអគុណធម៌។

លោក ពេជ្រ ស្រស់ បន្ថែមថា អ្នកនយោបាយទាំងអស់ត្រូវចេះឈឺឆ្អាលសុខទុក្ខអ្នកនយោបាយដូចគ្នា ហើយអ្នកនយោបាយ
គួរតែប្រកួតគ្នានៅលើឆាកនយោបាយបានហើយ កុំប្រកួតគ្នារហូតព្យាបាទដល់អាយុជីវិត ឬរហូតដល់សាកសពអី ពីព្រោះ
អ្នកនយោបាយគ្រប់គណបក្សសុទ្ធសឹងតែអ្នកស្នេហាជាតិទាំងអស់ គ្រាន់តែថា នៅគណបក្សផ្សេងគ្នាតែប៉ុណ្ណោះ។ នេះគឺជាការលើកឡើងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បង្ហោះឲ្យដឹងនៅលើបណ្តាញសង្គម Facebook ផ្ទាល់ខ្លួននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ។

ការបញ្ចេញទស្សនៈរបស់ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានធ្វើឡើងក្រោយពីមានលោក លឹម គឹមយ៉ា សមាជិកសភា និងលោក ហ៊ី យឿន អគ្គលេខាធិការរងព្រឹទ្ធសភា មកពីគណបក្សសង្រ្គោះជាតិ បានប្រមាថម៉ាក់ងាយដោយអសីលធម៌ ទៅលើសពសម្តេចវិបុលបញ្ញា សុខ អាន។

លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា « វាជាគំរូអាក្រក់ដល់អ្នកនយោបាយជំនាន់ក្រោយ ដោយហេតុថា អ្នកនយោ​បាយ​គួរតែរក្សាសេចក្តី ថ្លៃថ្នូររបស់អ្នកនយោបាយ ពីព្រោះថា ការធ្វើនូវនយោបាយ មិនមែនជាការចង​សត្រូវរវាងគ្នានឹងគ្នា​នោះឡើយ ហើយក៏មិនមែនជាការបន់ស្រន់ឲ្យ​គូរប្រកួតរបស់ខ្លួនឆាប់ស្លាប់​នោះដែរ រឹតតែមិនមែន ជាការត្រេកអរចំពោះ​ការស្លាប់របស់គូរប្រកួតផងដែរ។ ផ្ទុយទៅវិញក្នុងនាម អ្នកនយោបាយគួរតែសោកស្តាយ ចំពោះការបាត់បង់នូវគូរ​ប្រកួត​ប្រជែង​របស់ខ្លួន គ្មានកីឡា ប្រដាល់ណាឡើងរេញវាយតែម្នាក់ឯង ហើយស្រែកថា ខ្លួន ឈ្នះនោះទេ បើគ្មានដៃគូរប្រកួតនោះ។ ក្នុងន័យនេះខ្ញុំសូមឲ្យអ្នកនយោបាយទាំងអស់ត្រូវចេះ ឈឺឆ្អាលសុខទុក្ខអ្នកនយោបាយដូចគ្នា ហើយអ្នកនយោបាយ​គួរតែ​ប្រកួតគ្នានៅលើឆាកនយោបាយបានហើយ កុំប្រកួតគ្នារហូតព្យាបាទដល់អាយុជីវិត ឬរហូតដល់សាកសពអី ពីព្រោះ
អ្នកនយោបាយ​គ្រប់គណបក្សសុទ្ធសឹងតែអ្នកស្នេហាជាតិទាំងអស់ គ្រាន់តែថា នៅគណបក្សផ្សេងគ្នាតែប៉ុណ្ណោះ។ ចំណុចនេះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងគណបក្សផ្សេងទៀត គួរតែបង្រៀនមន្រ្តីរបស់ខ្លួនឲ្យចេះបណ្តុះចិត្តសប្បុរស និងមានមេត្តាធម៌ចៀសវាងមានជម្លោះនយោបាយ ដោយសារតែភាពអគុណធម៌»។

គួរបញ្ជាក់ថា តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិមណ្ឌលកំពង់ធំ លោក លឹម គឹមយ៉ា និងមន្រ្តីជាន់ខ្ពស់បក្ស​ប្រឆាំង​លោក ហ៊ីង យឿន បានចេញមកសុំទោសដល់វិញ្ញាណក្ខន្ធ សពសម្តេចវិបុលបញ្ញា សុខ អាន ដោយមន្រ្តីគណបក្សសង្រ្គោះ​ជាតិ​ បាននាំយកលិខិត​មកដល់គេហដ្ឋានតែម្តង នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ហើយក្មួយប្រុសសម្តេចវិបុលបញ្ញា សុខ អាន ឈ្មោះ សុខ ខាវ៉ាន់  ជាអ្នកទទួលនូវលិខិតសុំទោសជាសាធារណៈនេះ៕