(ភ្នំពេញ)៖ ជនជាតិវៀតណាមចំនួន៧៧នាក់ ក្នុងនោះស្រីម្នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តបណ្តេញចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ (សប្តាហ៍ទី២ ខែមីនា) បន្ទា​ប់ពីពួកគេត្រូវបានចាប់ខ្លួន ពីបទលួចឆ្លងដែន ស្នាក់នៅ និងធ្វើការខុសច្បាប់នៅតាម រាជធានី-ខេត្តមួយចំនួន។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា «ជនបរទេសជនជាតិវៀតណាម ដែលបានលួចឆ្លងដែន ស្នាក់នៅ និងធ្វើការរកស៊ីខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានសមត្ថកិច្ច នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្តេញចេញទៅវិញ នៅក្នុងសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០១៧នេះសរុបចំនួន៧៧នាក់ ស្រី១នាក់»។

បើតាមលោកឧត្តមសេនីយ៍ សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវចាប់ខ្លួនក្នុងរាជធានីភ្នំពេញចំនួន១០នាក់ ស្រី១នាក់, ច្រកទ្វារព្រំដែនអូរយ៉ាដាវចំនួន ៥៦នាក់ និងគ្រឿងចក្រមួយចំនួន, ខេត្តរតនគីរីចំនួន៧នាក់ និងសម្ភារកាប់ឈើមួយចំនួន, ខេត្តកោះកុងចំនួន៤នាក់ និងទូកចំនួន២គ្រឿង។

សូមបញ្ជាក់ថា នៅសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ និងកម្លាំងនគរបាលតាមមូលដ្ឋាន បានចាប់ខ្លួនជនបរទេសចំនួន៣៧ នាក់/ស្រី១នាក់ មាន០៣សញ្ជាតិដូចខាងក្រោម៖ ជនជាតិវៀតណាម ចំនួន១០នាក់/ស្រី១នាក់, ជនជាតិឥណ្ឌាចំនួន១នាក់, ជនជាតិនីហ្សេរីយ៉ាចំនួន២៦នាក់។ ជនបរទេសទាំងនេះត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើស ការលួចឆ្លងដែន ស្នាក់នៅខុសច្បាប់ និងគ្មានលិខិតឆ្លងដែន៕