(​ព្រះសីហនុ)៖ លោកវរសេនីយ៍ត្រី ភុល ភស្តា​ អធិការនគរបាល​ក្រុងព្រះសីហនុ បាន​ឲ្យដឹង​ថា ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ កម្លាំងនគរបាល​របស់លោក បានចុះទៅជួយអន្តរាគមន៍ ចាប់ជន​សង្ស័យ៣នាក់ (ស្រីជំទង់២នាក់ និងខ្ទើយ​ម្នាក់) ដោយសារតែ​ពួកគេ បានណាត់វៃគ្នា យ៉ាងអនាធិបតេយ្យ​ផ្អើលទាំងកណ្តាលយប់ នៅចំណុច​កន្ទុយនាគ​ឆ្នេរម៉ូតែលសុខា។

លោកអធិការបានបញ្ជាក់ថា «អំពើហិង្សានេះបានកើតឡើង នៅវេលាម៉ោង២៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បង្កឡើងដោយពួកនារីទំនើង បានណាត់វ៉ៃគ្នានៅទីនោះ បណ្តាលឲ្យនារីទំនើងម្នាក់ រងរបួសធ្ងន់​រហូតដល់សន្លប់»

លោក ភុល ភស្តា បានបន្ថែមថា ក្រោយកើតហេតុ កម្លាំងអធិការដ្ឋាន​នគរបាលក្រុង បានធ្វើអន្តរាគមន៍ចាប់ខ្លួន​បានជនសង្ស័យ​៣នាក់៖ ទី១-ឈ្មោះ អ៊ំ សុផានិត អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង ស្នាក់នៅផ្ទះជួលក្រុមទី៤១ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ(ជាអ្នកដៃដល់) ទី២-ឈ្មោះ ធារ៉ា ចិន្តា​ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយឈ្មោះ អ៊ំ សុផានិត ជាសហចារីរួមជាមួយរួមដៃជនសង្ស័យ និងទី៣-ឈ្មោះ ឈុន ភេទប៉េដេ អាយុ១៨ឆ្នាំ មុខរបរលក់គ្រឿងអនុស្សាវរីយ៍ តាមមាត់សមុទ្រ។ បច្ចុប្បន្នរស់នៅក្រុមទី២៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជាសហចារីបានចូលរួម​ធ្វើសកម្មភាព។

រីឯភាគីម្ខាងទៀតឈ្មោះ ម៉ី ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ មុខរបរបុគ្គលិក​ហាងបារាំង​ រស់នៅក្រុមទី៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រង​របួសចំក្បាលពីក្រោយ៣កន្លែងធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

លោកអធិការបានបញ្ជាក់បន្ថែមថា «គូជម្លោះសុទ្ធតែជើងខ្លាំងរៀងៗខ្លួន ជាងពាក់​កណ្តាលអាធ្រាត្រ មិនចូលដេកពួនទេ។ ផ្តើមពីការនិយាយដើមគ្នា ឈ្មោះ ស្រី និច និងគ្នីគ្នា បានទិញស្រាបៀរមកផឹកចាំមុន នៅសួនច្បារកន្ទុយនាគ ហើយទូរសព្ទ​ហៅឈ្មោះ អ៊ុ សុ​ផានិ​ត មកវ៉ៃគ្នានៅទីនោះ។ ពេលម្ខាងទៀតជិះម៉ូតូហួស ឈ្មោះស្រីនិច បានស្រែកហៅ ពេលចុះពីម៉ូតូស្ទុះ វ៉ៃគ្នាតែម្តងមួយទល់នឹងមួយ តែឈ្មោះអ៊ុ សុ​ផានិ​ត យកកូនសោម៉ូតូធ្វើជាអាវុធចាក់ក្បាលស្រីនិច បណ្តាលឲ្យរបួស​ធ្ងន់រហូត​ដល់សន្លប់»។

សម្រាប់ជនសង្ស័យទាំង៣នាក់ ត្រូវបានយកទៅសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល​ក្រុងព្រះសីហនុ ដើម្បីចាត់ការតាម​នីតិវិធី៕