(រតនគិរី)៖ ស្ត្រីក្រីក្រម្នាក់បានឈឺពោះសំរាលកូន នៅក្នុងចំការស្វាយចន្ទី​ ដោយសារតែធ្វើដំណើរមករកមូលដ្ឋានសុខាភិបាល​មិនទាន់​ពេលវេលា​។​ បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម​ ​ប្រធានមន្ទីរពេទ្យបង្អែកបរកែវ បានបញ្ជូនឆ្មប និងរថយន្តទៅជួយធ្វើអន្តរាគមន៍ដើម្បីសង្រ្គោះ ហើយបញ្ជូនស្ត្រី និងទារក​ទៅថែទាំនៅក្នុងមន្ទីរពេទ្យបង្អែកបរកែវ។​

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ ស្ថានភាពស្ត្រី និងទារកមានសុខភាពល្អធម្មតា​ ហើយកំពុងស្ថិតនៅក្រោម ការថែទាំដោយយកចិត្តទុកដាក់ពីមន្រ្តីសុខាភិបាល។​ ស្រ្តីរូបនេះរស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី ចំងាយពីចំការនោះមកមន្ទីរពេទ្យបង្អែក​ ប្រហែល៣៦គីឡូម៉ែត្រ​ ហើយអ្នកបើករថយន្តទៅជួយសង្រ្គោះ​ គឺលោកប្រធានមន្ទីរ ពេទ្យបង្អែកផ្ទាល់តែម្តង។

លោក ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ សូមសំដែងនូវការ​កោតសរសើរ ដល់ទង្វើជួយសង្រ្គោះ ​បានទាន់ពេលវេលា​ទឹកចិត្តមនុស្សធម៌ ប្រកបដោយក្រមសីលធ៌មវិជ្ជាជីវ: ពិតប្រាកដរបស់មន្រ្តីសុខាភិបាលដែល បានបំពេញតួនាទីជាគ្រូពេទ្យ​ល្អនេះ។​ នេះបើយោងតាមមន្រ្តីមន្ទីរសុខាភិបាល ខេត្តរតនគិរី។

លោករដ្ឋមន្រ្តី សូមជូនពរដល់ស្ត្រីនិងទារកដែលបានប្រសូត្រដោយសុវត្ថិភាពហើយនេះ​ មានសុខភាពល្អ និងជួបតែសំណាងល្អជានិច្ច សូមលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់បន្ត នៅភារកិច្ចក្នុងការជួយសង្រ្គោះនេះ នៅទូទាំងប្រទេស។

ជាការកត់សម្គាល់ថា​ នេះមិនមែនជាលើកទី១ទេ​ ដែលមន្ត្រីសុខាភិបាល បានជួយដល់ស្ត្រីសម្រាលកូន នៅតាមផ្លូវក្តី ឫក្រោមដើមឈើក្តី​ ដែលបានអនុវត្តភារកិច្ច ជួយសង្រ្គោះបែបនេះ ជូនដល់ស្ត្រីក្រីក្រទូទៅ​ ហើយនឹងបន្តការជួយនេះនៅ គ្រប់ទីកន្លែង​ ប្រសិនបើមានព័ត៌មានទាន់ពេលមកមូលដ្ឋានសុខាភិបាលសាធារណៈ។

ជាមួយគ្នានេះ សាច់ញាតិស្រ្តីរូបនេះ បានអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភ ចំពោះការខ្វះខាតនេះផង៕