(សៀមរាប)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ស្តីពីការចូលជាសមាជិកនៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)»។ កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេស ជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់ក្រុមប្រទេស LDCs ដទៃទៀត ដែលសុំចូលជាសមាជិក WTO ឲ្យជោគជ័យដូចកម្ពុជា និងប្រទេស LDCs ចំនួន៨ ផ្សេងទៀត។ កិច្ចប្រជុំតុមូលចិន ក៏នឹងជួយគាំទ្រដល់ប្រទេស LDCs ដែលបានក្លាយជាសមាជិកពេញសិទ្ធិ WTO ចូលរួមអនុវត្តមាត្រាទី១២ នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស (Marrakesh) ដែលផ្តោតសំខាន់លើសេចក្តីសម្រេចរបស់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្នុងការដាក់បញ្ចូលប្រទេស LDCs សំឡេង ២/៣ ឲ្យក្លាយទៅជាសមាជិក WTO រៀងរាល់ឆ្នាំ។

បើតាមក្រសួងពាណិជ្ជកម្ម ប្រធានបទដែលនឹងត្រូវលើកយកមកជជែកក្នុងកិច្ចប្រជុំតុមូលចិននេះ រួមមានប្រធានបទពាក់ព័ន្ធបទពិសោធន៍នៃការត្រៀមខ្លួនចូលជាសមាជិក និងក្រោយពេលក្លាយជាសមាជិក WTO ដូចជាលក្ខខណ្ឌតម្រូវ បញ្ហាប្រឈម និងកាលានុវត្តភាព និងកាតព្វកិច្ចដែលត្រូវបំពេញចំពោះមុខ។

សូមបញ្ជាក់ដែរថា ការទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំតុមូលចិនលើកទី៥នេះ គឺចំពេលដែលប្រទេសកម្ពុជា ត្រូវបានអង្គការពាណិជ្ជកម្មពិភពលោក WTO ជ្រើសរើសជាឯកច្ឆន្ទយកប្រទេសកម្ពុជា ធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច LDCs ដែលមានសមាជិកចំនួន ៣៦ប្រទេស និងសមាជិកសង្កេតការណ៍ចំនួន ៨ប្រទេសផ្សេងទៀត សម្រាប់អាណត្តិឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨។

ការសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីអង្គការ WTO មើលឃើញប្រទេសកម្ពុជា ជាប្រទេសមានវឌ្ឍនភាពល្អប្រសើរលើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការរក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយរៀងរាល់ឆ្នាំក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។

នៅក្នុងតួនាទីជាប្រធានសម្របសម្រួលក្រុម LDCs ក្រោមក្របខណ្ឌ WTO កម្ពុជាមានកាតព្វកិច្ចសម្របសម្រួល​ជាមួយក្រុម​ប្រទេស LDCs ជាសមាជិកចំនួន ៤៨ប្រទេស ដើម្បីទាញយកផលប្រយោជន៍ឲ្យបានអតិបរិមាពីភាពបត់បែន និងការលើក​លែង​ពន្ធផ្សេងៗ ព្រមទាំងជំរុញសកម្មភាពអាទិភាពដែលនៅសេសសល់ ដើម្បីបញ្ចប់របៀបវារៈការអភិវឌ្ឍន៍ទីក្រុងដូហា (DDA) និងកិច្ចប្រជុំទីក្រុងដូហា៕