(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាមន្រ្តីជាន់ខ្ពស់ដ៏សំខាន់ មួយរូបរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានធ្លាក់ខ្លួនឈឺជាច្រើនខែចាប់តាំងពីឆ្នាំ២០១៦។ ដោយលោកបានបង្ហាញខ្លួនជាសាធារណៈចុងក្រោយនៅថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងពិធីសម្ពោធបើកការដ្ឋានពង្រីកអាគារអ្នកធ្វើដំណើរនៅព្រលានយន្តហោះខេត្តព្រះសីហនុ។

ខណៈកំពុងសម្រាកព្យាបាលជំងឺនៅទីក្រុងប៉េកាំង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមន្រ្តីជាន់ ខ្ពស់សំខាន់ៗមួយចំនួន បានចាកចេញពីកម្ពុជាទៅសួរសុខទុក្ខដោយផ្ទាល់ នៅឯមន្ទីរពេទ្យទីក្រុងប៉េកាំង។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ពោលមុនថ្ងៃទទួលមរណភាព២ថ្ងៃ ឧបនាយករដ្ឋមន្រ្តី សុខ អាន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាប់បង្គាប់តែងតាំងជា សម្តេចវិបុលបញ្ញា សុខ អាន។   

កាលពីព្រលប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ភរិយារបស់សម្តេចវិបុលបញ្ញា សុខ អាន (លោកជំទាវ អាន្នី សុខអាន) បានចេញសេចក្តីជូនដំណឹងជាផ្លូវការអំពីការទទួលមរណភាពរបស់ឧបនាយករដ្ឋមន្រ្តី សុខ អាន និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី នៅវេលាម៉ោង៦៖៣២នាទីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។

ភ្លាមៗបន្ទាប់ពីសម្តេចវិបុលបញ្ញា សុខ អាន ទទួលមរណភាព, រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីរៀបចំបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន ផងដែរ។ គណៈកម្មការនេះរួមមានឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជាប្រធាន និងសម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត។

សពរបស់សម្តេចវិបុលបញ្ញា សុខ អាន បានដឹកតាម​យន្តហោះ​ពីទីក្រុងប៉េកាំង ប្រទេសចិន បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅវេលាម៉ោង៥៖០៤នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។ ដោយក្នុងនោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មួយចំនួនក៏បានអញ្ជើញមកជាមួយផងដែរ។

សពសម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានដឹកតាមរថយន្តពេទ្យឆ្ពោះទៅកាន់គេហដ្ឋានរបស់សម្តេចវិបុលបញ្ញា ស្ថិតនៅផ្ទះលេខ៧០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីសាសនានៅទីនោះរយៈពេល៤ថ្ងៃ។ ចាប់ពីថ្ងៃទី១៦-១៩ ខែមីនា។

ដើម្បីរៀបចំពិធីបុណ្យសពដោយរលូន និងដើម្បីជាការសងគុណដល់មន្រ្តីជាន់ខ្ពស់ក្នុងការងារបម្រើជាតិ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ថវិកាចំនួន៣ពាន់លានរៀល (៧៥ម៉ឺនដុល្លារ) សម្រាប់រៀបចំបុណ្យសព, ប៉ុន្តែនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្វែរការចំណាយនៃពិធីបុណ្យសពនេះទៅគណបក្សប្រជាជនកម្ពុជា ជាអ្នករ៉ាប់ទាំងស្រុងវិញ។​

* ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ បានផ្ញើព្រះរាជសារចូលរួម រំលែកមរណទុក្ខជូន លោកជំទាវ អានី សុខអាន ចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន។ នៅក្នុងព្រះរាជសាររបស់ព្រះអង្គ បានមានព្រះបន្ទូលថា៖ «ខ្ញុំសូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ មរណភាពនៃ សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃប្រទេសជាតិ និងប្រជារាស្រ្តកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ»។

* នៅថ្ងៃដដែលនោះថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន៖ ប្រមុខរដ្ឋស្តីទី សម្តេច សាយ​​ ឈុំ, ប្រធានស្តីទីព្រឹទ្ធសភា នៃ ប៉េណា, ប្រធានរដ្ឋសភា សម្តេច ហេង សំរិន និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងមន្រ្តីរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់, សមាជិករដ្ឋសភា, ព្រឹទ្ធភា បានផ្ញើលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។

* នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចបន្ថែម​ជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន។ នៅក្នុងសេចក្តីសម្រេច៖ «ប្រការ១៖ ត្រូវបានប្រគល់ភារកិច្ច បន្ថែមជូនឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រចាំការ ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព»។

* នៅវេលាម៉ោង៣៖០០នាទីរសៀលថ្ងៃដដែល ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជា បានចូលគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅគេហដ្ឋានសម្តេច សុខ អាន នាសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំកំពូលៗ ដែលចូលរួមគោរពវិញ្ញាណក្ខន្ធនេះ រួមមាន៖ ១៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមប្រមុខរដ្ឋស្តីទី
២៖ លោក នៃ ប៉េណា ក្នុងនាមប្រធានស្តីទី ព្រឹទ្ធសភា ៣៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមទាំងអស់ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត។

* គណបក្សប្រជាជនកម្ពុជា បានផ្ញើសារចូលរួមរំលែកទុកជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន។ ក្នុងលិខិត បានបញ្ជាក់ថា «សូមសម្តែងនូវការសោកស្តាយ គ្មានអ្វីប្រៀបផ្ទឹមបាន ឡើយចំពោះមរណភាពនេះ និងសូមចារិកទុកនូវរាល់ស្នាដៃ ឧត្តមគតិ គំរូវីរភាព និងគុណបំណាច់របស់ សម្តេចវិបុលបញ្ញា សុខ អាន ជាកុលបុត្រដ៏ប្រពៃ ជាថ្នាក់ដឹកនាំដ៏ល្អ និងជាសកម្មជនដ៏ឆ្នើមរបស់គណបក្ស ដែលធ្លាប់បានធ្វើពលិកម្មគ្រប់យ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជាកន្លងមក»។

* ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក William ​A. Heidt បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន។ សាររំលែកទុក្ខនេះបង្ហោះលើបណ្តាញសង្គម Facebook ដោយភ្ជាប់ជាមួយរូបថតអនុស្សាវរីយ៍ថតជាមួយ សម្តេចវិបុលបញ្ញា សុខ អាន ផងនោះ។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ដូច្នេះថា «សម្តេច សុខ អាន មាន​តួនាទីសំខាន់បំផុតដែលបាន លើកស្ទួយផ្នែក សេដ្ឋកិច្ច, ច្បាប់, ការអប់រំ, សាសនា, ការថែរក្សាវប្បធម៌, និងវិស័យការទូតជាច្រើន។ សម្តេចជាដៃគូដ៏យូរអង្វែងណាស់ មកហើយ​ជាមួយស្ថានទូត​អាមេរិក ទៅលើការអភិរក្ស​វិស័យវប្បធម៌ តាមរយៈតួនាទី​របស់សម្តេចជាប្រធានអាជ្ញាធរជាតិ Apsara។ បន្ថែមពីនេះទៀត​សម្តេចបានចូលរួមចំណែ ​យ៉ាងធំធេងក្នុងកិច្ចខិតខំ ប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ដែលសម្តេចមានតួនាទីជាប្រធានក្រុម​ការងារពិសេសមួយ ទៅលើការកាត់ទោសខ្មែរក្រហម»។

* លោកស្រី អ៉ីរីណា បូកូវ៉ា អគ្គនាយិការអង្គការយូណេស្កូ បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំជាមួយនិងក្រុមគ្រួសារសពសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងបានចាត់ទុកមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់ដ៏ធំធេងសម្រាប់សហគមន៍ពិភពលោក ដែលយកចិត្តទុកដាក់លើការងារអភិរក្សបេតិកភណ្ឌ។ លោកស្រី បានគូសបញ្ជាក់ដូច្នេះ «អាស្រ័យដោយឆន្ទៈជំនាញ និងភាប៉ិនប្រសព្វគ្មានពីរ របស់សម្តេច បានធ្វើឲ្យសម្តេចវិបុលបញ្ញា សុខ អាន ក្លាយជាបុគ្គលដ៏សំខាន់មួយរូបក្នុងបណ្តាឥស្សរជនដ៏កម្ររកបាននៅលើសាកលលោក ដែលអាចជះឥទ្ធិពលជាវិជ្ជមាន ព្រមទាំងលើកកម្ពស់ដល់កិច្ចការពារ និងអភិរក្សរមណីយដ្ឋានធម្មជាតិ និងវប្បធម៌យ៉ាងទូលំទូលាយ គឺមិនត្រឹមតែនៅក្នុងព្រំប្រទល់ខណ្ឌសីមា នៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ»។

* ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា លោក Nuttavudh Photisaro បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាព សម្តេចវិបុលបញ្ញា សុខ អាន។ លិខិតរបស់លោកបានលើកឡើងថា «ជំនួសមុខឲ្យស្ថានទូតថៃ និងសហគមន៍ថៃប្រចាំនៅកម្ពុជា ខ្ញុំសូមចូលរួម​សម្តែងនូវសមានទុក្ខយ៉ាង ក្រៀមក្រំ ជាទីបំផុត ដល់ជនរួមជាតិនៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា ចំពោះការបាត់បង់​សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ទទួល​បន្ទុកទីស្តី​ការគណៈរដ្ឋមន្រ្តី នៃ​ព្រះរា​ជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព​នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧»។

* គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានជូនដំណឹងឲ្យសាធារណជនជ្រាបថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ គឺជាថ្ងៃបូជាសព សម្តេចវិបុលបញ្ញា សុខ អាន នៅមុខវត្តបុទុមវត្តី។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកអានវិយោគកថា និងជីវប្រវត្តិ ចំណែក សម្តេចពញាចក្រី ហេង សំរិន ជូនព្រះអគ្គីដល់សព។

* នៅវេលាម៉ោង១៥៖៣០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតឡាវ លោក ថុងលុន ស៊ីសូលីត និងភរិយា ព្រមទាំងមន្រ្តីមួយចំនួន បានអញ្ជើញគោរព វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន នៅគេហដ្ឋាន​។

* នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០១៧ ក្រុមគ្រួសារ មន្រ្តីរាជការ និងភ្ញៀវជាច្រើនបានចូលរួមដង្ហែសព សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ទៅកាន់ឈាបនដ្ឋាន មុខវត្តបទុមវត្តី ដើម្បីរៀបចំពិធីបូជា។ នៅក្នុងពិធីបូជាសព សម្តេចវិបុលបញ្ញា សុខ អាន, លោក Muhammad Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តីថៃ ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា រួមមាន៖​ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេច ហេង សំរិន ប្រធានសភា, សម្តេចតេជោ ហ៊ុន សែន, សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំងមានវត្តមានមន្រ្តីបក្សប្រឆាំង បានចូលរួមដែរ !

* បន្ទាប់ពីសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាពជូនព្រះអគ្គីដល់សពរួចមក នៅវេលាម៉ោងប្រមាណ១០ព្រឹក​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំកំពូលរប​ស់ជាតិ និងអន្តរជាតិ បានចាកចេញពីកន្លែងប្រារព្ធពិធី។ បន្ទាប់ពីពិធីបូជាបានបញ្ចាប់នៅរសៀលថ្ងៃទី១៩ ខែមីនា ក្រុមគ្រួសារ និងសាច់ញាត្តិបានប្រមូលធាតុរបស់​សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីរៀបចំពិធីតាមសាសនាដាក់ចូលក្នុងទឹកទន្លេ មុខព្រះបរមរាជវាំង ដើម្បីឲ្យវិញ្ញាណក្ខន្ធរប​ស់សម្តេច បានទៅកាន់សុខគតិភព និងឲ្យត្រជាក់ដូចទឹក។

សូមទស្សនារូបភាពទាំងស្រុងជុំវិញការទទួលមរណភាព របស់សម្តេចវិបុលបញ្ញា សុខ អាន៖