(កំពង់ឆ្នាំង)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ដកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩​ ខែមីនាឆ្នាំ២០១៧នេះ បានអញ្ជើញបញ្ចុះខ័ណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្ដតុណ្ឌបព្វតារាម ហៅថាវត្ដចំពុះ ដែលស្ថិតនៅក្នុងភូមិទ្រនាមពេជ្រ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកបានថ្លែងថា នេះជាសមិទ្ធផលមួយដែលដ៏ល្អសម្រាប់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទីនេះ ស្របពេលដែលប្រទេសយើងមានសុខសន្ដិភាព ប្រជាជនសម្បូរសម្បាយ ជាមួយនឹងស្ថេរភាពនយោបាយ នៅកម្ពុជាផងដែរនោះ ហើយបើនិយាយកាលពីក្នុងព្រឹត្ដិការណ៍នយោបាយកាលពីចម្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងពីឆ្នាំ១៩៧៥ដល់១៩៧៩​ ដែលអ្វីៗត្រូវបានបំផ្លាញទាំងស្រុង។

លោកន្ដថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុនសែន បាននាំមកនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ តាមរយៈនយោបាយឈ្នះៗ ទើបកម្ពុជា អាចមានឱកាសអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរ ដែលបច្ចុប្បន្នមានវត្ដជាង៤ពាន់វត្ដ​ព្រះសង្ឃជាង៦ម៉ឺនអង្គ នៅទូទាំងប្រទេស ។ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដជាច្រើនទៀត រួមមានផ្លូវ​ថ្នល់ ដែលជាច្រកទ្វារសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ។

លោកបន្ថែមថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានធ្វើកំណែទម្រង់ ច្រើនវិស័យដូចជា ការតម្ដើងប្រាក់បៀវត្ស ជូនមន្ដ្រីរាជាការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី ដើម្បីជួយសម្រួល ដល់ជីវភាពរស់នៅកាន់តែប្រសើរឡើង ពិសេសសម្ដេចតេជោ បានផ្ដល់នូវក្រាលកៅស៊ូចំនួន១ខែ្សប្រវែង ៦គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៥ ត្រង់ចំនុចក្លោងទ្វារវត្ដភ្នំចំពុះ ទៅដល់ព្រៃខ្មែរ។

ក្នុងឱកាសនោះ លោកអ៊ុក រ៉ាប៊ុន ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក និងការយកចិត្ដទុកដាក់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិពឹ្រទ្ធបណ្ឌិត ដល់ប្រជាពលរដ្ឋ​នៅក្នុងស្រុករលាប្អៀរ ក៏ដូចជាប្រជាជនទាំងអស់ ដែលរស់នៅខេត្ដកំពង់ឆ្នាំងផងដែរ៕