(ភ្នំពេញ)៖ ពិធីការិនី ឃឹម ចរិយា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្រៅពីអាជីពជាពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ ភីអ៉ិនអ៉ិន (PNN) កញ្ញា បានតាំងចិត្តថា នឹងបោះជំហានចូលវិថីសិល្បៈឲ្យកាន់តែល្បីល្បាញជាងមុនទៀត។

អាចថាជាការផ្លាស់ប្តូរបទពិសោធន៍ និងដើម្បីរកទីផ្សារការងារឲ្យបានច្រើនជាងមុន ពិធីការិនី ញញឹមស្រស់ពីធម្មជាតិ ឃឹម ចរិយា បានប្រាប់ថា កញ្ញា នឹងប្រឡូកចូលវិស័យសិល្បៈឲ្យកាន់តែល្បីទៅមួយផ្នែកទៀត គឺតាមរយៈការសម្តែងខ្សែភាពយន្ត បន្ថែមទៀត។

ប្រាប់អ្នកសារព័ត៌មានក្នុងពិធីខួបកំណើត គម្រប់ខួប ២៧ឆ្នាំ នារាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ កញ្ញា ឃឹម ចរិយាបានឲ្យដឹងថា « ចំពោះការងារជាពិធីការិនី គឺដំណើរការទៅដោយរលូន ប៉ុន្តែអាលូវនេះ នាងខ្ញុំបានចាប់យកអាជីពថ្មីមួយទៀត ពីសំណាក់រៀមច្បង ធ្វើជាតារាសម្តែង។ មួយរយៈមុខការងារជាពិធីការិនី មានការមមាញឹកច្រើន ប៉ុន្តែមួយរយៈក្រោយនេះ នាងខ្ញុំចាប់ផ្តើមងាកមកសាកល្បងជាការសម្តែងវិញ ហើយឆ្នាំថ្មីនេះ នឹងមានការសម្តែងជាស្នាដៃថ្មីមួយទៀត ហើយកំពុងចរចាគ្នាថ្មីនេះ ជារឿងភាគ»

ពិធីការិនីសំដីផ្អែម និងមានទឹកដមរូបនេះ បានប្រាប់ទៀតថា រឿង «ថ្ងៃណាកូនមាសម្តាយ» ជារបស់ផលិតកម្មរស្មីស្ទឹងសង្កែ កញ្ញា បានសម្តែងជាតួឆ្នាស់ឆ្នើម កូនស្រីអ្នកមាន ឆើតឆាយ (លក្ខណៈ High Show) ដែលសាកសមទៅនឹងទ្រមុខ របស់កញ្ញាតែម្តង ។

និយាយបែបជឿជាក់លើខ្លួនឯង កញ្ញា ឃឹម ចរិយាថា «ដើមឡើយ នាងខ្ញុំមិនទុកចិត្តលើសមត្ថភាពសម្តែងខ្លួនឯង តែបើជាពិធីការិនីគឺមានសេចក្តីក្លាហានក្នុងការនិយាយ ប៉ុន្តែបើសម្តែងខ្ញុំពិបាកលេងទឹកមុខណាស់ ហើយថតមួយប្លង់ៗថតច្រើន ហើយខ្លាចចិត្តក្រុមការងារអត់ហ៊ានសម្តែង និងមិនដែលសាកល្បង។ តែដល់ពេលរឿង «ថ្ងៃណាកូនមាសម្តាយ» បងៗប្រាប់ថា អូនគួរតែសាកល្បង ព្យាយាម ពីព្រោះថា តួនេះសមនឹងអូន ត្រូវនឹងបុគ្គលិកលក្ខណៈយើងសម្តែងដែរ»

កញ្ញាឯកសាប៊ូ Lux ប្រចាំឆ្នាំ២០០៧ ឃឹម ចរិយា ថា កញ្ញា នៅតែបន្តអាជីពជាពិធីការិនី និងសម្តែងបន្ថែមទៀត មិនបោះបង់ចោលមួយណាឡើយ។ កញ្ញាថា នឹងខិតខំពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀតនៅក្នុងការសម្តែង ហើយ ថ្ងៃណាមួយកញ្ញា នឹងបានដើរតួឯក រឺតួសំខាន់ណាមួយក្នុងខ្សែភាពយន្ត បើអ្នកដឹកនាំរឿងមើលឃើញពីសមត្ថភាពសម្តែង។ ពិធីការិនី ឃឹម ចរិយា ថា កញ្ញា នឹងមិនបោះបង់ការតាំងចិត្តជាដាច់ខាត។

នៅរាត្រីថ្ងៃម្សិលមិញ ជាថ្ងៃខួបកំណើត គម្រប់ខួប ២៧ឆ្នាំ របស់ញ្ញា ឃឹម ចរិយា ឃើញមានវត្តមាន មិត្តសិល្បៈជាច្រើននាក់ បានចូលរួមនៅក្នុងពិធីនោះ ដែលភាគច្រើនសុទ្ធតែជាពិធីករ និងតារាសម្តែងរួមមាន អ្នកនាង គង់ សុជាតិ លោក យឹម ណារ៉ា កញ្ញា ហេង កែវនីតា លោក ជា វណ្ណារិទ្ធ កញ្ញា Baby និងតារាប្រុសស្រីជាច្រើនរូបទៀត៕