(កំពង់ធំ)៖ តាមបណ្ដោយស្ទឹងស្ទោងឆ្ពោះទៅកាន់បឹងទន្លេសាប មានភូមិដាច់ស្រយាលមួយ ហៅភូមិអូរចក ស្ថិតក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នៅក្នុងភូមិមានសាលាដ៏តូចមួយ គ្មានស្លាកឈ្មោះ ក្នុងសភាពចាស់ទ្រុឌទ្រោម ជញ្ជាំងបិទស័ង្កសីច្រេះស៊ីរហែកដោយដុប រីឯដំបូលប្រក់បំណះស័ង្កសីធ្លុះធ្លាយ ខែក្ដៅថ្ងៃរះចាំងភ្នែក ខែវស្សាត្រូវទឹកជន់លិច ទាំងគ្រូទាំងសិស្សដើរលុយទឹកលុយភក់ មើលទៅសែនអាសូរខ្លោចចិត្ត។

ថ្លែងតាមទូរស័ព្ទប្រាប់អង្គភាព Fresh News នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ លោកគ្រូ ស៊ាន់ សើន ជាគ្រូបង្រៀនផង ជាអ្នកគ្រប់គ្រងផ្ទាល់ក្នុងសាលារៀនផង បានរៀបរាប់ថា បើឃើញពីចម្ងាយ គេមិនដឹងថាជាសាលារៀននោះទេ ព្រោះសាលារៀន មានសភាពដូចជាផ្ទះកំប៉ុករ៉ុកមួយយ៉ាងអញ្ចឹង ទាល់តែចូលទៅដល់ឃើញសិស្សនៅខាងក្នុងសាលា ទើបដឹងថាសាលារៀន។

លោកគ្រូ ស៊ាន់ សើន បានបន្តថា ឥឡូវនេះទឹកជំនន់ស្ទឹងស្ទោងទើបតែស្រកទេ តែបើប៉ុន្មានខែមុន ទឹកស្ទឹងបានជន់លិចទីធ្លារសាលា ផ្លូវដើរផុងជើងកូនសិស្ស មានពេលខ្លះរអិលជើងធ្លាក់ពីលើជណ្ដើរ ផុងលិចនឹងភក់ក៏មាន ព្រោះទឹកជំនន់ជន់លិចមើលជណ្ដើរមិនឃើញ។ បើនិយាយពីស្ថានភាពរបស់កូនសិស្សវិញ ខោមិនខោ អាវមិនអាវ សូម្បីស្បែកជើងក៏គ្មានពាក់ត្រឹមត្រូវឡើយ។

សាលាដ៏កំសត់ហ៊ុព័ទ្ធដោយព្រៃរនាមមួយនេះ សូម្បីតែបន្ទប់ទឹកក៏គ្មាន ទឹកស្អាតសម្រាប់គ្រូ និងសិស្សបរិភោគក៏គ្មាន ពេលស្រេកទឹកម្ដងៗ ទាំងគ្រូទាំងសិស្សរត់រកទឹកពាងរបស់អ្នកភូមិក្បែរនោះសិន គ្រាន់បំបាត់សម្រេកមួយគ្រាៗ។

លោកគ្រូ ស៊ាន់ សើន បានបន្ថែមថា សព្វថ្ងៃ ក្នុងបន្ទប់សាលាដ៏តូចចង្អៀតមួយនេះ មានសិស្សចំនួន៦០នាក់ ក្នុងនោះមាន៣កម្រិត (ថ្នាក់ទី១ ទី២ ទី៣) នៅពេលសិស្សរៀនចប់ថ្នាក់ទី៣ ពួកគេត្រូវឡើងទៅរៀន នៅសាលាបឋមសិក្សាព្រែកជីក (នៅឆ្ងាយឆ្ពោះទៅទិសខាងកើត) តែស្ទើរតែគ្មានអ្នកបានបន្តការសិក្សាឡើយ ព្រោះឪពុកម្ដាយរបស់ពួកគេ គ្មានលទ្ធភាពច្រើន សម្រាប់បញ្ជូនកូនៗឲ្យសិក្សានៅកន្លែងឆ្ងាយនោះទេ។

លោកគ្រូ សើន បានរៀបរាប់ថា ដំបូងឡើយ សាលារៀននេះ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន សហការគ្នាកសាងឡើង អ្នកខ្លះយករួមជាឈើមួយដុំពីរដុំម្នាក់ អ្នកខ្លះចូលរួមជាលុយកាក់បន្តិចបន្តួច យកទៅទិញស័ង្កសីថ្មីខ្លះ សល់ចាស់ៗមួយបន្ទះពីរបន្ទះខ្លះ ខ្សែចង ដែកគោល ទើបបង្កើតបានជាកូនសាលាតូចមួយ ហេតុតែចង់ឲ្យកូនចៅរបស់ពួកគាត់ បានរៀនសូត្រនឹងគេ។ ម្យ៉ាងពួកគាត់សុទ្ធតែមានជីវភាពក្រីក្រ គ្មានលទ្ធភាពបញ្ជូនកូនចៅទៅរៀននៅសាលាឆ្ងាយ ព្រោះត្រូវឡើងទៅលើវិញ (សាលាបឋមសិក្សាព្រែកជីក)។

ពេលបានកូនសាលានេះហើយ មានតែគ្រូបង្រៀនម្នាក់គត់ ដែលទៅបង្រៀន តែស្ថានភាពពិតជាពិបាកណាស់ ព្រោះផ្លូវឆ្ងាយ ពិបាកធ្វើដំណើរ មធ្យោបាយទៅ-មក មានតែជិះកង់ ដល់ខែវស្សាម្ដងៗ មានទូកជិះទូក អត់ទូកលីកង់ដើរលុយទឹក ថ្ងៃត្រង់ថ្ងៃរសៀលទើបបានទៅដល់សាលា។

លោកគ្រូបានលើកឡើងថា បន្ទាប់ពីលោកគ្រូមុន គាត់ចូលនិវត្តន៍បាត់ទៅ ការគ្រប់គ្រង និងបង្រៀនសិស្ស ត្រូវធ្លាក់លើលោកតែម្នាក់ តែឥឡូវបានគ្រូជាប់កិច្ចសន្យាម្នាក់ទៀត មកជួយឆ្លាស់វេនគ្នាបង្រៀនព្រឹក-ល្ងាច។

ដោយមិនអាចទ្រាំមើលឃើញភាពលំបាកតោកយ៉ាករបស់កូនសិស្ស តទៅទៀតបាន ទើបលោកគ្រូលោក ស៊ាន់ សើន រួមជាមួយប្រជាពលរដ្ឋជាអាណាព្យាបាលសិស្ស លើកដៃប្រណូមសុំការសណ្ដោសប្រណី ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចទាំងពីរ តែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការ ទោះដល់តំបន់ដាច់ស្រយ៉ាលណាក៏ដោយ។

ពួកគាត់ក៏បានដង្ហើយរកជំនួយសប្បុរសធម៌នានា ពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សប្បុរសជនជិតឆ្ងាយផងដែរ ដើម្បីរួមចំណែកក្នុងការរៀបចំទីធ្លារសាលារៀនឡើងវិញ ព្រោះត្រូវទឹកជំនន់លិចលង់រាល់ឆ្នាំ និងជួយសាងសង់អគារសិក្សាថ្មីមួយ ព្រមទាំងបន្ទប់ទឹក និងសម្ភារសិក្សាមួយចំនួនទៀត មានតុ កៅអី ក្ដារខៀន ជាដើម។  

សូមជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញផែនការយុទ្ធសាស្រ្តអាទិភាពចំនួន ៤ចំណុច ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនទៅមុខ ក្នុងនោះរួមមាន ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ទឹក និងអគ្គិសនី៕