(ភ្នំពេញ)៖ ក្រុមហ៊ុនJC (Cambodia)International Arilines (ជេស៊ី (ខេមបូឌា) អ៉ីនធើណេសិនណល អ៊ែរឡាញ) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ បានសម្ពោធការហោះហើររបស់ខ្លួនជាផ្លូវការហើយ ដែលប្រព្រឹត្ដិទៅនៅសណ្ឋាគារ​សូហ្វីតែលភោគីត្រា ដែលមានការអញ្ជើញចូលរួមភ្ញៀវជាតិ អន្ដរជាតិយ៉ាងច្រើនផងដែរ។

Dong Le Cheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន JC (Cambodia)International Arilines បានថ្លែងថា «ការសម្ពោធការហោះហើរជាផ្លូវការនេះ ក្រុមហ៊ុនយើងខ្ញុំ បានផ្ដល់នូវប្រណិតគ្រប់បែបយ៉ាង ពិសេសជាមួយនឹងយន្ដហោះ ប្រភេទអន្ដរជាតិ និងថ្មីៗជាច្រើនគ្រឿង សម្រាប់បម្រើអតិថិជនកម្ពុជា និងអន្ដរជាតិ ប្រកបដោយភាពកក់ក្ដៅ តម្លៃសមរម្យ សេវាកម្មប្រណិត ជាមួយនឹងបទពិសោធន៍យូរឆ្នាំរបស់ក្រុមហ៊ុនយើង»

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន JC (Cambodia)International Arilines រូបនេះ បានថ្លែងថា« ដោយស្របពេលដែលកម្ពុជា មានស្ថិរភាពនយោបាយ និងអភិវឌ្ឍប្រទេសយ៉ាងជឿនលឿន ដែលបច្ចុប្បន្ន GDPប្រទេសកម្ពុជាមានកំណើតលើសពី ៧% ស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរ  ហើយកម្ពុជាជាប្រទេសពហុវប្បធម៌ផងដែរនោះ បានទាក់ទាញនូវ​ភ្ញៀវជាតិអន្ដរជាតិ កាន់តែច្រើន ពិសេសអ្នកវិនិយោគិនតែម្ដង ដូច្នេះហើយបានជាក្រុមហ៊ុនយើង សម្រេចចិត្ដវិនិយោគនៅកម្ពុជា»
 
Dong Le Cheng បន្ថែមថា ទន្ទឹមនឹងនោះ ក្រុមហ៊ុន JC (Cambodia)International Arilines ទទួលបានការគំាទ្រយ៉ាងពេញ​ទំហឹងពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា និងបានទទួលការឯកភាព ឲ្យរៀបចំបង្កើតនៅខែតុលា ២០១៤ ហើយក្រុមហ៊ុនបានទទួលលិខិតបញ្ជាក់គុណវុឌ្ឍិប្រតិបត្ដិការហោះហើរ និងចាប់ផ្ដើមបើកការហោះហើរជាផ្លូវការនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។

គួររំលឹកថា ជេស៊ី (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ែឡាញជាក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយ បានធ្វើប្រតិបត្តិការ​ជើងហោះហើរក្នុងស្រុករបស់ខ្លួនរវាងទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប ហើយពីទីក្រុងសៀមរាប ឆ្ពោះទៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៧ ខែមីនា២០១៧ ជាមួយការជឿជាក់ប្រកបដោយភាពកក់ក្តៅ បទពិសោធន៍ និងតម្លៃសមរម្យ​លើសេវាហោះហើរ ដល់អ្នកដំណើរទាំងក្នុងស្រុក និងក្រៅប្រទេស។ ក្រុមហ៊ុននេះ បច្ចុប្បន្នមានយន្តហោះថ្មីពីរគ្រឿង​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយយន្តហោះទី៣ នឹងមកដល់ក្នុងខែមិថុនា និងមួយទៀត គឺក្នុងខែវិច្ឆិកា ខាងមុខនេះ។

ក្រុមហ៊ុនអាកាសចរណ៍ជេស៊ី មានគម្រោងបន្ថែមយន្តហោះចំនួន ៤គ្រឿងរយៈពេល១ឆ្នាំ និងជើងហោះហើរទៅកាន់ទីក្រុង ម៉ាកាវ បាងកក ហូជីមិញ និងហុងកុង ដើម្បីបំពេញតម្រូវការ ផ្នែកសេវាដឹកជញ្ជូនអ្នកដំណើរ ដែលមានការរីកចម្រើនឥតឈប់ឈរ ហើយចក្ខុវិស័យនៃការពង្រីកវិសាលភាពជើងហោះហើររបស់ក្រុមហ៊ុន គឺក្នុងទិសដៅហោះ​ហើរឆ្ពោះទៅកាន់​បណ្តាប្រទេស ក្នុងតំបន់អាស៊ាន ចិន និងអឺរ៉ុប៕