(កណ្តាល)៖ ទន្ទឹមនឹងកម្មករ-កម្មការិនីកំពុងសប្បាយរីករាយសាទរ ចំពោះការទទួលបានប្រាក់ឈ្នួលអប្បបរមា​ ចំនួន១៥៣ដុល្លារ សម្រាប់ឆ្នាំ២០១៧ ស្របនឹងឱកាសបុណ្យចូលឆ្នាំថ្មី កំពុងខិតឃិតមកដល់ផងនោះ លោក សាត់ ឈាងហួ ប្រធានសហភាពជាតិកម្ពុជាការពារកម្មករ (CNCLP) បានអំពាវនាវដល់បងប្អូនកម្មករទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ពេលធ្វើដំណើរទៅលេងស្រុកកំណើត។

លោក សាត់ ឈាងហួ លើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយតំណាងសហព័ន្ធសមាគម តំណាងសហជីពមូលដ្ឋាន រោងចក្រតាមបណ្តារាជធានី-ខេត្តទាំង៦៨ មានសមាជិកជិត១០០នាក់នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាលក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក សាត់ ឈាងហួ បានបន្តថា CNCLP បានរួមចំណែកក្នុងការចរចា និងតស៊ូមតិដំឡើងប្រាក់ឈ្នួលអប្បបរមា ជារៀងរាល់ឆ្នាំ រហូតទទួលបានជោគជ័យ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន តែងបានគិតគូរយកចិត្តទុកដាក់ដល់ជីវភាពកម្មករ-កម្មការិនី ដោយបានឧបត្ថម្ភបន្ថែម៥ដុល្លារ ក្នុងមួយខែ។ ក្រៅពីនេះសម្តេចតេជោ បានគិតគូរទប់ស្កាត់មិនឱ្យដំឡើងថ្លៃជួលផ្ទះ និងបញ្ចុះតម្លៃអគ្គិសនីសម្រាប់កម្មករ។

មេសហជីពរូបនេះបានបន្តថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ កម្មករ-កម្មការិនីទាំងអសត្រូវគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរទៅលេងកម្សាន្ត នៅស្រុកកំណើត។

សូមជម្រាបថា សហភាពជាតិកម្ពុជាការពារកម្មករ (CNCLP) បានបង្កើតឡើង នៅឆ្នាំ២០១០ ដែលដំបូងឡើយមានសមាជិកតែ៤សហព័ន្ធ ប៉ុណ្ណោះ ឥឡូវបានកើនឡើងរហូតដល់៧សហព័ន្ធ សមាគម និងមានសមាជិកប្រមាណ ជាង៣ម៉ឺននាក់។ សហភាពតែងតែបានរួបរួមគ្នា ជួយគ្នានៅពេលកម្មករជួបបញ្ហា ធ្វើកូដកម្មទាមទារលក្ខខណ្ឌផ្សេងៗ ជួយចរចា និងដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយនិយោជក៕