(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារ ចុះជួយស្រុកពញាក្រែក បានចំណាយប្រាក់ផ្ទាល់ខ្លួន ១ម៉ឺនដុល្លារ ចូលរួមសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងជំរុញឲ្យមន្រ្តីថ្នាក់មូលដ្ឋាន បង្កើនសកម្មភាពចុះដោះ​ស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ឲ្យកាន់តែខ្លាំងថែមទៀត។

ទីស្នាក់ការបក្សថ្មីនេះ ត្រូវបានលោករដ្ឋមន្រ្តី វង សូត ដឹកនាំក្រុមការងារប្រារព្ធពិធីបញ្ចុះបឋមសិលា​ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ព្រមទាំងសកម្មភាពចែកអំណោយជូនប្រជាពលរដ្ឋ នៅទីនោះផងដែរ។

ទីស្នាក់ការនេះមានផ្ទៃដី បណ្ដោយ១០៥ម៉ែត្រ និងទទឹង៣៨ម៉ែត្រ ដែលត្រូវចំណាយថវិកា៥ម៉ឺនដុល្លារ ក្នុងនោះថវិកា​ផ្ទាល់របស់លោក វង សូត និងលោកស្រីចំនួន១ម៉ឺនដុល្លារ ហើយក្រៅពីនេះ គឺជាថវិការួមចំណែករបស់ក្រុមការងារ ចុះជួយឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ទីស្នាក់ការដែលនឹងត្រូវសាងសង់នេះ ស្ថិតនៅត្រង់ចំណុចកណ្តាល នៃភូមិទាំង៨ របស់ឃុំវាលម្លូនេះតែម្តង ដែលអាចជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា បានយ៉ាងល្អប្រសើរ ដើម្បីឈានទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ខាងមុខ។

ដោយឡែក អំណោយដែលចែកជូនប្រជាពលរដ្ឋនោះ រួមមាន៖ លោកតា លោកយាយ ២០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់១ដុំ និងថវិកា១ម៉ឺនរៀល, សមាជិក CPP ឃុំវាលម្លូរ ២០០នាក់​ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀល, ឧបត្ថម្ភស្នាក់ការបក្សឃុំវាលម្លូរ ថវិកា២០ម៉ឺនរៀល៕