(ភ្នំពេញ)៖ នៅវេលាម៉ោង៣៖០៥នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ មន្រ្តីនគរបាលដែលព្រហើនហ៊ានប្រើកាំភ្លើង AK បាញ់បោះសេរីជិត១០គ្រាប់ ដោយសារខឹងប្រពន្ធ នៅក្នុងបុរីសម្បត្តិមានហេង ខណ្ឌច្បារអំពៅនោះ ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅហើយ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។ (សូមទស្សនាវីដេអូ)

នៅក្នុងវិដេអូបានបង្ហាញមន្រ្តីនគរបាលថ្លើមពាសមេឃរូបនេះ បាញ់នៅខាងក្រៅមិនអត់ចិត្ត ពេលជិះក្នុងឡានបើកដំបូលរថយន្តបើកបាញ់ឡើងលើទៀត។ បន្ទាប់ពីបាញ់ហើយជននេះ បានបើករថយន្តរបស់ខ្លួនយ៉ាងលឿន គេចបាត់ហើយសំណាងណាស់នៅពេលកំពុងបើកចេញនោះ មានកូនក្មេងកំពុងជិះកូនកង់លេងនៅខាងក្រោយរថយន្ត ប្រសិនបើបានបុកកូនទៀត រឹតតែមានរឿងធំទៀតហើយ។

ការចូលខ្លួនមកសារភាពអង្គភាពរបស់ខ្លួននេះ ធ្វើឡើងបន្ទាប់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់់វិធានការហើយមិនឲ្យរួចខ្លួននោះទេ។

សូមជំរាបថា កាលពីម្សិលមិញលោក ស្វាយ ពិសិដ្ឋ ពាក់ស័ក្តិ៣ ជាមន្រ្តីនគរបាលនៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយសារតែមានជម្លោះជាមួយ ប្រពន្ធរបស់ខ្លួនពេលកំពុងច្រៀងខារ៉ាអូខេ ក៏បានទាញកាំភ្លើង AK-47 បាញ់រះជិត១០គ្រាប់នៅក្នុងបុរី «សម្បត្តិមានហេង» មុខផ្ទះលេខ២៦៤ ផ្លូវលេខ៣ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕