(ព្រះវិហារ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងលោក លីម សុភា អភិបាលខណ្ឌ៧មករា នៅចុងសប្ដាហ៍នេះ បានដឹកនាំការងារថ្នាក់ដឹកនាំខណ្ឌមន្ត្រីរាជការខណ្ឌ និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត ទៅចុះចែកអំណោយជូន ដល់កងពលតូចអន្តរាគមន៍លេខ៩ ស្ថិតនៅភូមិសាស្ត្រ ភូមិអូរជុញ ឃ្មុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

នៅក្នុងពិធីចុះចែកអំណោយជូនកងទ័ពនៅតំបន់ប្រាសាទព្រះវិហារខាងលើនេះ គណៈប្រតិភូទាំង២ខណ្ឌ បានជួបសំណេះសំណាល សួរសុខទុក្ខ ជូនពរដល់កងកម្លាំងកម្មាភិបាល យុទ្ធជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ឲ្យមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ចផងដែរ។

អំណោយដែលប្រតិភូសាលាខណ្ឌទាំង២ បានយកទៅចែកជូនមន្រ្តីយោធាទាំងនោះរួមមាន៖ មីចំនួន៤០០កេះ ទឹកត្រី ទឹកស៊ីវអ៊ីវ ប្រហុក៥០គីឡូ ឆៃពៅ ៥០គីឡូ សៀង៥០គីឡូ ត្រីខ១កេះ សៀវភៅ២០០ក្បាល ប៊ិច១០០ ខ្មៅដៃ១០០ អាវ១០០០ ប្រេង១៥០០ និងថវិកា៤លានរៀន និងបានចែកជូនកងទ័ព៤១៨នាក់ ម្នាក់ៗទទួលបានក្រមា១ និងថវិកា៤០០០០រៀល សរុបថវិកាទាំងអស់ជាង១ម៉ឺនដុល្លារ៕