(ប៉ៃលិន)៖ ភ្លៀងធ្លាក់ជោគជាំស្ទើររាល់ថ្ងៃអស់ជាង១សប្តាហ៍មក ទឹកស្អុយដំឡូងមី បានហូរចេញពីស្តង់យីហោ «ក្រុមហ៊ុនខ្មែរវិនិយោគកសិកម្ម» ស្ថិតនៅភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ហើយក្លិនស្អុយនេះ ក៏បានជះដល់វិហារឥស្លាមទៀតផង ធ្វើឲ្យមនុស្សក្មេងចាស់ មានអាការៈឈឺក្បាលវិលមុខ និងខ្លះទៀតកើតជំងឺផ្តាសាយ រលាកបំពង់កជាដើម។

លោក មហា ម៉ាត់ អាយុ៥៤ឆ្នាំ ដែលកំពុងស្នាក់នៅថែទាំព្រះវិហារឥស្លាម ក្បែរស្តង់ដំឡូងមីខាងលើ បានរៀបរាប់ឱ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នា អស់រយៈពេលជាង១អាទិត្យនេះ ធ្វើឲ្យសមាជិកខ្មែរឥស្លាម មានការលំបាកក្នុងការចូលរួមថ្វាយបង្គំព្រះ។

លោកបានបន្តថា ខណៈលោកគ្រូធំៗ ចង់មកពីភ្នំពេញចូលរួមថ្វាយបង្គំនៅទីនោះដែរ តែដោយសារធុំក្លិនស្អុយខ្លាំងពេក ក៏ប្តូរទៅកន្លែងផ្សេងវិញ ព្រោះខាងខ្មែរឥស្លាម ត្រូវការអនាម័យក្លិនក្រអូប មិនត្រូវការស្អុយបែបនេះទេ។

លោកក៏មានសំណូមពរឲ្យអាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត ចុះទៅរៀបចំស្តង់ដំឡូងមីខាងលើឡើងវិញ កុំឲ្យទឹកស្អុយសារធាតុគីមីដំឡូងមី ហូរទៅក្បែរព្រះវិហារពួកគាត់ថ្វាយបង្គំព្រះបន្តទៀត។ ចំណែកប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត ដែលរស់នៅក្បែរស្តង់ពោត ដំឡូងមីខាងលើ បានរិះគន់ថា ដំឡូងមីពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពផ្លូវដង្ហើម មិនគួរណាអាជ្ញាធរមូលដ្ឋានអនុញ្ញាត​ ឲ្យក្រុមឈ្មួញសង់ស្តង់មួយនេះ ក្បែរភូមិឡើយ ពោលគឺក្បែរផ្ទះរបស់ពួកគាត់នោះទេ។

ពួកគាត់បន្ថែមថា នៅរដូវប្រាំងកម្ទេចធូលីដំឡូងមី បានហុយចូលផ្ទះ បង្កឱ្យទៅជាកន្ទួលរមាសដល់មនុស្សក្មេងចាស់ ដេកមិនសុខឡើយ រីឯនៅរដូវវស្សាវិញ ពេលទឹកដំឡូងមីហូរចូលស្រះ ឬប្រឡាយក្បែរផ្ទះ ធ្វើឱ្យស្អុយទ្រាំមិនបាន បង្កទៅជាពុល ឈឺក្បាលវិលមុខ និងហូបអាហារស្ទើរតែមិនចូលផងដែរ។

ពួកគាត់បានរិះគន់ថា មិនគួរណាអាជ្ញាធរយល់ព្រម ឱ្យអ្នកមានលុយមានអំណាច ចូលទៅធ្វើស្តង់ដំឡូងមីនៅក្បែរផ្ទះរបស់ពួកគាត់ទាល់តែសោះ គួរតែធ្វើឱ្យឆ្ងាយពីលំនៅឋានរបស់មនុស្សរស់នៅវិញ។ ម្យ៉ាងវិញទៀត ពេលសត្វមាន់ទាផឹកទឹកស្អុយនៅក្នុងប្រឡាយនោះ បណ្តាលឱ្យងាប់អស់ និយាយរួមទៅចិញ្ចឹមអ្វីមិនសល់សម្រាប់ទទួលទាននោះឡើយ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងនារសៀលថ្ងៃទី២០ ខែមីនានេះថា ខាងលោកអត់ដឹងរឿងនេះទេ ហើយម្សិលមិញ លោកឲ្យខាងមន្ត្រីរដ្ឋបាលចុះមើលហើយ តែមិនទាន់រាយការណ៍មកទេ។ បើមានករណីស្អុយទឹកដំឡូងមី ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋពិតមែន ខាងលោកនឹងចាត់ឱ្យមន្រ្តីក្រោមឱវាទ ចុះទៅត្រួតពិនិត្យជាបន្ទាន់។

លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងដែរថា ខាងលោកក៏អត់ទាន់ទទួលបានដំណឹងណាមួយ ពីប្រជាពលរដ្ឋដែរ តែខាងលោកនឹងចុះទៅប្រាប់ឱ្យម្ចាស់ស្តង់ រៀបចំកកាយកាកសំណល់ទាំងនោះចេញវិញ ហើយរៀបចំធ្វើយ៉ាងណា ដើម្បីកុំឱ្យបន្តស្អុយប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិនោះទៀត៕