(ភ្នំពេញ)៖ តារាសម្ដែងកំពុងតែបោះ​ជំហានសន្សឹមៗ លើមាគ៌ាសិល្បៈ កញ្ញា លី ឌីណា បានសម្ដែងក្ដីរំពឹងថា ខ្លួននឹងមានទីផ្សារការងារសិល្បៈស្ទុះឡើងវិញ តាមរយៈការបង្ហាញវត្តមាន ក្នុងរឿងថ្មី មានចំណងជើងថា «ពស់កេងកង» ដែលនាងបានសម្ដែងជាតួអង្គដ៏សំខាន់ម្នាក់ ដែលនឹងធ្វើឲ្យផលិតករ និងទស្សនិកជន ចាប់អារម្មណ៍ខ្លាំង។

​ស្រីស្រស់ លី ឌីណា បានថ្លែងថា រឿងប្រភេទបុរាណរឿង​«ពស់កេងកង» នឹងធ្វើឲ្យមានការកត់សម្គាល់ ចំពោះស្នាដៃរបស់ខ្លួនកាន់តែខ្លាំង បើទោះជាក្នុងរឿងនេះ នាងមិនបានសម្ដែងជាតួឯកក្នុងរឿងមុនៗ។ ​ការសម្ដែងក្នុងរឿងភាគនេះ ខ្លួនមានមោទន​ភាព ហើយនាងមានការតែការសប្បាយ​ចិត្ត ដែលត្រូវបានជ្រើសអោយសម្ដែងជាតួអង្គសំខាន់ម្នាក់ ក្នុងរឿង«ពស់កេងកង»បើទោះជានាងត្រូវគេកត់សម្គាល់ថា បានធ្លាក់ខ្លួនទៅសម្ដែង​ជាតួម្ដាយក៏ដោយ។ ​ប៉ុន្តែខ្លួនអត់ប្រកាន់រឿងសម្ដែងនោះទេ ​ទោះជាត្រូវឲ្យសម្ដែងជាតួឯក តួរង និងតួអ្វីក្នុងរឿងអ្វីក៏ដោយ ​នាងយល់ថាសមស្រប​អាចសម្ដែងបាន។

ជាការពិត ក្នុងភាពយន្តភាគរឿង «ពស់កេងកេង» ដែលផលិតដោយទូរទស្សន៍ PNN ជាមួយនឹងផលិតកម្មមួយ តារាសម្ដែងកំពុងឡើងកូដ​ កញ្ញា លី ឌីណា ក៏មានឈ្មោះបានសម្ដែងជាតួអង្គសំខាន់ម្នាក់ នៅក្នុងរឿងនោះ​។ នាងត្រូវគេឲ្យសម្ដែងជាតួ​ប្រពន្ធសេដ្ឋី និងមានប្លង់មួយ ដែលប្រាប់ថាធ្វើអោយនាងមើលឃើញ ពីការឈឺចាប់ដែលនាង មិនទាន់បានឆ្លងកាត់។

តារាសម្ដែងដែលត្រូវបានគេស្គាល់ជាទូទៅ តាមរយៈការសម្ដែងជាតួឯកក្នុងរឿង «ឋានសួគ៌វណ្ណៈ» ប្រចាំនៅប៉ុស្ដិ៍លេខ៥រូបនេះ និយាយថាជា​លើក​ទី១ ដែលនាងត្រូវបានផលិតករ ឲ្យសម្ដែងជានារីប្រសូត្រកូន ដោយការសម្ដែងរបស់នាងធ្វើឲ្យនាងស្រម៉ៃនឹកដល់ការឈឺចាប់ ពិតៗជាក់ស្ដែងតែម្ដង ទម្រាំតែនាងអាចសម្ដែងបានត្រូវ។ ​ ខ្លួនត្រូវតម្រូវ​ឲ្យសម្ដែង​ឲ្យ​សមនឹងពេលប្រសូត្រកូន ដោយសូម្បីតែការស្រែក ការបញ្ចេញទឹកមុខ និងបែកញើសប៉ុនៗ​​គ្រាប់​ពោត​ជា​ដើម ក៏ត្រូវតែធ្វើឲ្យត្រូវ​នោះដែរ។ លី ឌីណា បានសង្កត់ធ្ងន់ថា ពីមុននាងដឹងត្រឹមតែថា ការសម្រាលកូនជារឿងពិបាក ប៉ុន្តែលុះបានសម្ដែង​មួយរឿង​ក្នុងរឿង​«ពស់កេងកង» ទើបយល់កាន់តែច្បាស់ថា ការសម្រាលកូនគឺរឿងវេទនា មិនខុសពីការហែលឆ្លងទន្លេដ៏ធំមួយ​នោះឡើយ៕