(សៀមរាប)៖ ក្នុងជំនួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា ក្នុងឱកាសនៃកិច្ចប្រជុំតុមូលចិនលើកទី៥ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ក្នុងសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប លោកបណ្ឌិត រ៉ាត់ណាកា អាឌីការី (Ratnakar Adhikar) នាយកប្រតិបត្តិនៃក្របខណ្ឌសមាហរណកម្ម (EIF) បានសន្យាផ្តល់ការគាំទ្រដល់ស្ថានបេសកម្មអចិន្ត្រៃយ៍ថ្មីរបស់កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបំពេញតួនាទីជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។

លោកនាយកប្រតិបត្តិ ក៏បានថ្លែងការកោតសរសើដល់ក្រសួងពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការរៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥នេះ បានយ៉ាងល្អ និងការបង្កើតតំណាងស្ថានបេសកម្មអចិន្ត្រៃយ៍ របស់កម្ពុជាប្រចាំ WTO ដើម្បីពង្រឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជាការឆ្លើយតបលោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់លោកបណ្ឌិត រ៉ាត់ណាកា និងលេខាធិការដ្ឋាន EIF ដែលបានជួយគាំទ្រកម្ពុជាច្រើនឆ្នាំមកនេះ ជាពិសេសការកសាងសមត្ថភាពនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដើម្បីដឹកនាំចរចា និងអនុវត្តន៍គម្រោងផ្សេងៗដូចជា កម្មវិធី EIF-Tier 1 និងកម្មវិធីធ្វើពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ដំណាក់កាលទី ១ និងទី ២ ក៏ដូចជាកម្មវិធីគាំទ្រនិរន្តរភាព ដែលមានគោលបំណងផ្សារភ្ជាប់ភាពខ្វះខាត ក្រោយពីគម្រោងរបស់ EIF មួយចំនួនត្រូវបានបញ្ចប់។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកសរសើរចំពោះការគាំទ្ររបស់ EIF ក្នុងការបង្កើតសាលាបង្រៀនធ្វើម្ហូបរបស់កម្ពុជា ដែលបានអនុវត្តន៍ក្រោមក្របខណ្ឌ ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន (PPP)។ បច្ចុប្បន្នកំពុងធ្វើការបណ្តុះបណ្តាលយុវជន-យុវនារីកម្ពុជា ដើម្បីធ្វើការក្នុងវិស័យបដិសណ្ឋារកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕