(កោះកុង)៖ ក្រុមគ្រូពេទ្យបង្អែកខេត្តកោះកុង បាននាំគ្នាស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះស្រ្តីម្នាក់​ដែលមានជីវភាពក្រីក្រ គ្មានសាច់ញ្ញាតនៅក្បែរ ហើយមានជម្ងឺរាំរ៉ៃ ក្អកក្អួតចេញឈាមស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ​ត្រូវការជួយសង្គ្រោះបន្ទាន់។ ការបរិច្ចាគឈាមរបស់ក្រុមគ្រូពេទ្យបង្អែកខេត្ត បានរហូតចំនួន៣ផ្លោក ដើម្បីទុកសម្រាបផ្តល់ឲ្យគាត់។

លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះថា អ្នកជម្ងឺដែលចូលមកសម្រាកនៅមន្ទីរពេទ្យខេត្ត ហើយស្ថិតនៅស្ថានភាពធ្ងន់ធ្ងរ ត្រូវការជួយសង្គ្រោះបន្ទាន់នោះឈ្មោះ សៀង ធារី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិថ្មី ចាំយាមស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយគាត់ជម្ងឺគាត់ឈឺរាំរៃយូរហើយ។

លោកវេជ្ជបណ្ឌិតបានបន្តថា «ជម្ងឺរបស់ស្រ្តីខាងលើនេះ គាត់មានអាការៈក្អកធ្លាក់ឈាមជាប់ទើបបណ្តាលឲ្យខ្វះឈាម ហើយធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ដោយមានឃើញនូវស្ថានភាពធ្ងន់ធ្ងរហើយ ឈាមទុកសម្រាប់ផ្តល់ជួយសង្គ្រោះ​អ្នកជំងឺនោះ មិនមានឈាមប្រភេទដូចឈាមគាត់គឺ (ប្រភេទឈាម O+)។ ហេតុដូច្នេះទើបក្រុមលោកគ្រូពេទ្យ បាននាំគ្នា​ធ្វើតេស្តឈាម ដើម្បីស្វែងរកប្រភេទឈាមដូចគាត់ តែសំណាងល្អក្រុមលោកគ្រូពេទ្យ មានឈាមប្រភេទដូចគាត់ ទើបបរិច្ចាគជូនគាត់រហូតបានចំនួន៣ផ្លោក ដើម្បីជួយសង្គ្រោះគាត់ ហើយជំងឺស្ថិតក្នុងតាមដ្ឋាន ពីក្រុមលោកគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់»

ប្អូនប្រុសឈ្មោះ សៀង សុភ័ក្ក ត្រូវជាប្អូនអ្នកជំងឺ បានរៀបរាប់ថា គាត់ត្រូវជាប្អូនប្រុសគាត់ ហើយគាត់រស់នៅខេត្តកំពង់ធំ ដល់ពេលទទួលដំណឹងថា បងស្រីគាត់ឈឺធ្ងន់ធ្ងរទើបគាត់ធ្វើដំណើរមកតែជីវភាពក្រីក្រដែរ តែពេលមកដល់ភ្លាមគាត់ឃើញបងស្រីកំពុងបញ្ជូលឈាមគាត់មានអារម្មណ៍ថា គ្មានលុយថ្លៃឈាមតែក្រុមគ្រូពេទ្យ។ គាត់បានប្រាប់ថា ក្រុមគ្រូពេទ្យបានបរិច្ចាគឈាមជូនគាត់ដោយមិនតម្រូវឲ្យបង់លុយទេ។ សម្តីលោកគ្រូពេទ្យ ធ្វើឲ្យគាត់មានក្តីរំភើបឥតឧប្បមាដោយក្រុមលោកគ្រូពេទ្យ បានលះបងឈាមខ្លួនឯងជួយសង្រោ្គះបងស្រីគាត់៕