(ភ្នំពេញ)៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជន នៅថ្ងៃនេះ បានប្រតិកម្មទៅនឹង ក្រុមមនុស្សមួយចំនួនដែលហៅខ្លួនឯងថាជា «សភាអាស៊ាន» ហើយវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា។ លោកអះអាងថា តំបន់អាស៊ាននេះ សភាអាស៊ានមួយប៉ុណ្ណោះនោះ គឺ AIPA។

ប្រតិកម្មរបស់ អ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយប្រឆាំងមួយចំនួន បានចុះផ្សាយរបាយការណ៍របស់ ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដោយ​ដាក់​ចំណង​ជើង​ថា «ការ​វាយ​ប្រហារ​សមាជិក​សភា និង​ការ​គំរាម​កំហែង​ស្ថាប័ន​កម្ពុជា គឺ​ជា​សំឡេង​ជួង​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។ របាយការណ៍នេះ បានចោទប្រកាន់ថា ប្រព័ន្ធ​នយោបាយ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ភាព​ស្រប​ច្បាប់ និង​គំរាម​ដល់​ភាព​អន្តរាយ​របស់​ប្រទេស ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ផុយ​ស្រួយ។

ថ្លែងក្នុងសន្និសីទកាសែត នៅវិមានរដ្ឋសភា ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ លោក ឈាង វុន តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រុមទាំងនោះមិនមែនជាសភាអាស៊ាននោះទេ ហើយសភាអាស៊ាន ក៏មិនដែលរិះគន់កម្ពុជាដែរ។

លោកបានបញ្ជាក់បែបនេះថា៖ «ថ្មីៗនេះ ក្រុមមនុស្សដែលគេហៅថា ជាសភាអាស៊ាននោះ គឺគ្រាន់តែជាក្រុមមនុស្សមួយក្តាប់តូច។ ខ្ញុំសូមជំរាបថា ក្នុងកិច្ចការសភាតំបន់ សភាអាស៊ានមានតែមួយទេ គឺ អាយប៉ា (AIPA) អត់មានរួមទេ​គឺសភាប្រទេសនីមួយៗ គឺជាសមាជិកសភាអាស៊ាន»

លោក ឈាង វុន បានបន្ថែមថា សមាជិកសភាមួយ ដែលប្រព័ន្ធផ្សព្វផ្សាយ បានយកមកវាយប្រហារកម្ពុជានោះ គឺសុទ្ធតែជាសមាជិសភាប្រឆាំង នៅក្នុងប្រទេសសមាជិកអាស៊ាន ហើយក្នុងចំណោមនោះ មានអ្នកខ្លះមិនមែនជាសមាជិកសភាផង។ ដោយឡែកនៅកម្ពុជា ក៏មានអនុប្រធានរបស់គណបក្សប្រឆាំង លោកស្រី​ មូរ សុខហួរ ចូលរួមដែរ៕