(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការវិភាគហិរញ្ញវត្ថុរបបប្រាក់សោធន» ជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីត្រៀមរៀបចំការដាក់ឲ្យដំណើរការ «របបប្រាក់សោធន» ជូនដល់មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធដទៃទៀត ដែលស្ថិតក្រោមច្បាប់ការងារ។

ការៀបចំសិក្ខាសាលានេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០១៧
ដោយមានការចង្អុលបង្ហាញ ពីអ្នកជំនាញការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកប្រាក់សោធន និងមានការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារអន្តរជាតិបារាំង (AFD) អង្គការ ILO តំណាងនិយោជក សហជីព និងតំណាងកម្មករ។

លោក អ៊ុក សមវិទ្យា នាយក ប.ស.ស នៃក្រសួងការងារ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពខាងបច្ចេកទេស ជាពិសេសការវិភាគផ្នែកហិរញ្ញវត្ថុ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃ ប.ស.ស ក្រសួង ស្ថាប័នពាក់ព័ន្ធ ម្ចាស់សហគ្រាសគ្រឹះស្ថាន និងភាគីកម្មករនិយោជិត។

លោកបានសង្កត់ធ្ងន់ថា «របបប្រាក់សោធន គឺមានគោលដៅគាំពារដល់ជនចាស់ជរា ដែលជាកម្លាំងពលកម្មសកម្ម នាពេលបច្ចុប្បន្ន និងការចូលរួមចំណែកលើកកម្ពស់ផលិតភាពពលកម្មផងដែរ។ ដោយហេតុថា តាមរយៈរបបនេះ កម្លាំងពលកម្មសកម្មបច្ចុប្បន្ន មានភាពកក់ក្តៅ ចំពោះអនាគតរបស់ខ្លួន ទោះកំពុងធ្វើការក្នុងវិស័យឯកជនយ៉ាងណាក្តី»

លោកបន្តថា ផ្អែកតាមយុទ្ធសាស្ត្ររបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ឆ្នាំ២០១៤-២០១៨ ប.ស.ស គ្រោងនឹងដាក់ឱ្យដំណើរការរបបប្រាក់សោធន ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក នូណូ សុនហា អ្នកជំនាញការជាន់ខ្ពស់ផ្នែកគាំពារសង្គមប្រចាំ តំបន់នៃអង្គការពលកម្មអន្តរជាតិ លើកឡើងថា របបប្រាក់សោធន ឬសោធនជរាភាព ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំពារដល់ជនចាស់ជរា ដែលជាកម្លាំងពលកម្មសកម្ម នាពេលបច្ចុប្បន្ន និងការចូលរួមចំណែកលើកកម្ពស់ផលិតភាពពលកម្មផងដែរ ព្រោះថា តាមរយៈរបបនេះ កម្លាំងពលកម្មបច្ចុប្បន្ន មានភាពកក់ក្តៅ ចំពោះអនាគតរបស់ខ្លួន ទោះកំពុងធ្វើការក្នុងវិស័យឯកជនយ៉ាងណាក្តី៕