(ភ្នំពេញ)៖ ក្នុងឱកាសឈប់សម្រាកប៉ុន្មានថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរ តែងតែធ្វើដំណើរពីគ្រប់ទិសទី ដើម្បីទៅជួបជុំញាតិមិត្ត បងប្អូននៅតាមបណ្តាខេត្តក្រុងនានា ដើម្បីជួបជុំគ្នាក្នុងឱកាសពិសេសនេះ។

ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ (GANZBERG) បានរៀបចំរថយន្តក្រុងចំនួន១០០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋខ្មែរ បានទៅជួបជុំក្រុមគ្រួសារ នៅស្រុកកំណើតដោយឥតគិតថ្លៃ។

តំណាងក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានលើកឡើងថា៖ «ដើម្បីចូលរួម អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយពលរដ្ឋ នៅទូទាំងប្រទេសខាងមុខ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានបង្កើតកម្មវិធីពិសេសមួយ ពុំធ្លាប់មានកន្លងមក ដោយក្រុមហ៊ុនបានរៀបចំរថយន្តក្រុងចំនួន១០០គ្រឿង ហៅថា GANZBERG UBER BUS ដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅជួបជុំញាតិមិត្តបងប្អូន និងក្រុមគ្រួសារ នៅស្រុកកំណើតចំនួន១៥ខេត្ត-ក្រុង ដោយឆ្លងកាត់ផ្លូវជាតិចំនួន៨ខ្សែទូទាំងប្រទេស»

លោកបានបញ្ជាក់បន្ថែមថា «នេះគឺជាការរួមចំណែកជួយកាត់បន្ថយ ដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ឪពុកម្តាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ហើយក៏នឹងជួយទប់ស្កាត់ការ ដំឡើងថ្លៃសំបុត្ររថយន្ត ដែលតែងតែកើតមានឡើងផងដែរ ហើយសកម្មភាពនេះ ក៏ជាការយកចិត្តទុកដាក់យ៉ាងពិសេសមួយ របស់ក្រុមហ៊ុន ចំពោះសេចក្តីសុខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបង្កលក្ខណៈងាយស្រួល ជូនដល់ជនរួមជាតិ ដើម្បីធ្វើដំណើរទៅដល់គោលដៅ ប្រកបដោយសុវត្ថិភាព ជួបជុំមិត្តញាតិដោយភាពកក់ក្តៅ និងចូលរួមរីករាយសាទរទាំងអស់គ្នា ដើម្បីទទួលអំណរឆ្នាំថ្មី ប្រកបដោយសទ្ធាជ្រះថ្លា»

សូមបញ្ជាក់ថា ខេត្តក្រុងទាំង១៥ ដែលរថយន្ត GANZBERG UBER BUS ធ្វើដំណើរទៅដល់មានដូចជា ខេត្ដស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ក្រុងព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មំ ខេត្តក្រចេះ និងខេត្ដព្រៃវែង។ អាស្រ័យហេតុនេះ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់បណ្តាខេត្តក្រុងនានាទាំង១៥នេះ សូមអញ្ជើញមកទទួលសំបុត្រដោយឥតគិតថ្លៃ ពីស្តង់ GANZBERG UBER BUS នៅកោះពេជ្រ ចាប់ពីថ្ងៃទី៨ ខែមេសា ម៉ោង៨ព្រឹកតទៅ និងចែកជូនរហូតអស់សំបុត្រ៕