(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធាននាយកដ្ឋានពិសេស និងជាមេបញ្ជាការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម ក្នុងពិធីបរិច្ចាគដោយស្ម័គ្រចិត្តនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧នេះ បានថ្លែងថា ការស្ម័គ្រចិត្តបរិច្ចាគឈាមជូនប្រជាជន ដោយ​កាយវិការមនុស្សធម៌របស់កងទ័ព បានឆ្លុះបញ្ចាំងឱ្យឃើញថា កងទ័ពប្រសូត្រចេញពីប្រជាជន និងធ្វើអ្វីៗដើម្បី​ប្រជាជន។

ពិធីបរិច្ចាគឈាមខាងលើ ប្រារព្ធឡើងក្រោមប្រធានបទ «ឈាមរបស់យើង គឺជាឱសថដ៏ស័ក្តិសិទ្ធ សម្រាប់សង្គ្រោះជីវិត​មនុស្ស» នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម រាជធានីភ្នំពេញ ដែលមានការចូលរួមបរិច្ចាគឈាម ពីកម្លាំងយោធានៃបញ្ជា​ការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាង៣៥០នាក់។

លោកឧត្តមសេនីយ៍ឯកបានលើកឡើងថា «ការស្ម័គ្រចិត្តបរិច្ចាគឈាម ដោយកាយវិការមនុស្សធម៌របស់យើង ថ្ងៃនេះគឺជាការ​ឆ្លុះបញ្ចាំងឱ្យឃើញថា កងទ័ពប្រសូត្រចេញពីប្រជាជន និងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាជន»។

តាមរយៈកម្មវិធីការបរិច្ចាគឈាមនេះ លោកឧត្តមសេនីយ៍មេបញ្ជាការសង្ឃឹមថា នាយទាហាន នាយទាហានរង និងពល​ទាហាន​ទាំងអស់ នឹងបានយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃការផ្តល់ឈាមដែលអ្នកទាំងអស់គ្នា អាចធ្វើបានក្នុងនាមជាមនុស្សជាតិ ជាពលរដ្ឋរួមជាតិសាស្រ្ត និងជាកងយោធពលខេមរភូមិន្ទ ដើម្បីជាតិ និងប្រជាជន។

លោកបន្តថា «ការបរិច្ចាគឈាម គឺជាការចែករំលែកផ្នែកមនុស្សធម៌ ដើម្បីសង្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តី​ស្រលាញ់ ហើយកាដូមួយនេះ គឺបានហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»

សូមបញ្ជាក់ថា បញ្ជាការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម បានទទួលរៀបចំការបរិច្ចាគឈាមនេះ បានចំនួន៤លើក រួចមកហើយ ហើយនេះជាលើកទី៥ហើយ៕