(ភ្នំពេញ)៖ រឿងក្ដីទំនាស់ដីធ្លីមួយ ដែលអូសបន្លាយអស់រយៈពេលជាង១០ឆ្នាំ រវាងប្រជាពលរដ្ឋ ជាមួយគណៈកម្មការ​អាចារ្យវត្តធម្មត្រ័យ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ ត្រូវបានបិទបញ្ចប់រួចហើយ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការចំនួន៣លើក នៅចំពោះគូរភាគីរួចមក។

សំណុំរឿងក្ដីនេះមានលោកចៅក្រម ជួន សុរាសី ជាចៅក្រមជំនុំជំរះ មានដើមបណ្ដឹងលោក ប៊ុន ម៉េង លោកស្រី ឃី ជឿ និងតំណាងគណៈកម្មការអាចារ្យវត្តធម្មត្រ័យ លោកអាចារ្យ មួន សាម៉ន និងលោកអាចារ្យ ឌុល ខុន។ បន្ទាប់ពីបានបញ្ចប់សវនាការ លោកចៅក្រម នឹងប្រកាសសាលក្រមនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ពោលនៅក្រោយបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

នៅក្នុងសវនាការតំណាងគណៈកម្មការអាចារ្យវត្ត បានអះអាងថា ចំណុចដីទំនាស់ទំហំ១៣៤៥ម៉ែតក្រឡា ស្ថិតនៅក្នងភូមធម្មត្រ័យ សង្កាត់ព្រៃស ដែលវត្តធម្មត្រ័យបានទាមទារដាក់ចូលជាគរុភ័ណ្ឌវត្តតាំងពីឆ្នាំ២០០៨មកម្ល៉េះ តែត្រូវលោក ប៊ុន ម៉េង បានតវ៉ាថា ជាដីកម្មសិទ្ធិរបស់គាត់ ដោយបានទិញពីប្រជាពលរដ្ឋផ្សេងទៀត មានឯកសារផ្ទេរសិទ្ធិទទួលស្គាល់ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

តំណាងគណៈកម្មការវត្ត បានបន្ថែមថា រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៨ គណៈរដ្ឋមន្ត្រីបានចេញ​សេចក្ដីជូនដំណឹង​លេខ១៧០០សជណ ប្រគល់ដីទំនាស់នេះ ឲ្យមកវត្តធម្មត្រ័យទៀតផង ប៉ុន្តែឯកសារពាក់ព័ន្ធទាំងអស់ខាងវត្ត មានតែលិខិតថតចម្លងប៉ុណ្ណោះ មិនមានឯកសារដើមទេ ទាំងពាក្យសុំកាន់កាប់ទាំង សជណ។

ចំណែកលោកអាចារ្យ ឌុល ខុន បានឆ្លើយបំភ្លឺតុលាការថា រឿងដីធ្លីទំនាស់ លោកអត់ដឹងអីទេ ដឹងតែពីលោកអាចារ្យ មួន សាម៉ន ប្រាប់ប៉ុណ្ណោះ។ផ្ទុយពីការអះអាងរបស់គណៈកម្មការវត្ត អាជ្ញាធរភូមិ២៤ ចៅសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលមានលោក ម៉ម សំអឿន មេភូមិ២៤ លោក ខាត់ សុខៃ ចៅសង្កាត់ ព្រៃស លោក ម៉ៃ សេង សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ សុទ្ធតែបានអះអាងដូចៗគ្នាថា ដីទំនាស់ទំហំ១៣៤៥០ម៉ែតក្រឡាស្ថិតនៅក្នុងភូមិ២៤ តាំងពីក្រោយថ្ងៃរំដោះ១៩៧៩ មិនមែនស្ថិតនៅក្នុងភូមិធម្មត្រ័យ ដូចការទាមទាររបស់គណៈកម្មការវត្តឡើយ។ ជាពិសេសពាក្យសុំកាន់កាប់ដីរបស់វត្ត គឺសុំកាន់កាប់ដីក្នុងភូមិធម្មត្រ័យមិនមែនភូមិ២៤នោះទេ។

ក្នុងរឿងក្ដីនេះដែរ បើតាមឯកសារដែលតុលាការ បានលើកយកមកធ្វើសំអាងក្នុងការវិនិច្ឆ័យបានបង្ហាញថា កាលពីឆ្នាំ១៩៧៩ មានប្រជាពលរដ្ផចំនួន៨គ្រួសារ បានរស់នៅធ្វើស្រៃចម្ការរហូតដល់ឆ្នាំ១៩៩៥-១៩៩៦ ពួកគាត់បានលក់ដីនេះឲ្យអ្នកដទៃ ហើយការលក់ដូរបន្ត ពីម្ចាស់មួយទៅម្ចាស់មួយ មកដល់តំណាក់ចុងក្រោយ ធ្លាក់មកដល់លោកស្រី ចាន់ ណាវី បានលក់មកឲ្យលោក ប៊ុន ម៉េង នៅឆ្នាំ២០០៦ ដោយមានឯកសារផ្ទេរសិទ្ធិទទួលស្គាល់ពី អាជ្ញាធរគ្រប់លំដាប់ថ្នាក់តាំងពីភូមិដល់សាលាខណ្ឌ និងសុរិយោដីទៀតផង ក្នុងនោះម្ចាស់ដីក្រោយបានសុំអាជ្ញាធរចាក់ដី ធ្វើរបងរឹងមាំហ៊ុព័ទ្ធយ៉ាងត្រឹមត្រូវ។

ស្រាប់តែនៅឆ្នាំ២០០៨ មាន សជណ លេខ១៧០០ ចុះថ្ងៃទី២៤ ធ្នូឆ្នាំ ២០០៨ របស់ទីស្ដីការគណៈរដ្ផមន្ត្រីសម្រេចប្រគល់ដីនេះ ឲ្យវត្តធម្មត្រ័យ ធ្វើឲ្យម្ចាស់ដីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ភ្ញាក់ផ្អើលគ្រប់គ្នាទើបមានការប្ដឹងផ្ដល់រាប់ឆ្នាំឡើងតុលាការ ហើយតុលាការ បានចុះដឹកនាំមន្ត្រីមូលដ្ផានអង្កេតវាស់វែង ប្រមូលឯកសារពាក់ព័ន្ធទាំងអស់ យកមកបើកសវនាការ៣លើករួចមកហើយ ទើបឈានដល់ការកំណត់ប្រកាសសាលក្រមនាថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៧ខាងមុខនេះ៕