(កណ្តាល)៖ ការដ្ឋានសិប្បកម្មរណ្តៅដីមួយកន្លែងរបស់ លោក ឡុច ច័ន្ទសុផល ដែលស្ថិតនៅក្នុងខេត្តកណ្តាល ត្រូវបានមន្រ្តីក្រសួងរ៉ែ និងថាមពល ចុះបិទអាជីវកម្ម នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ ដោយសារតែអនុវត្តល្មើសនឹងដែនអាជ្ញាប័ណ្ណ។ នេះបើតាមការផ្សព្វផ្សាយរបស់ទំព័រ Facebook ផ្លូវការរបស់ ក្រសួងរ៉ែ និងថាមពលនៅថ្ងៃពុធនេះ។

តាមការផ្សព្វផ្សាយរបស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការដ្ឋាននេះ បានជីកលើសជម្រៅ ដែលបានកំណត់ក្នុងដែន​អាជ្ញាប័ណ្ណ ជម្រៅ១២ម៉ែត្រ  និងពុំបានព័ទ្ធ របងជុំវិញរណ្តៅដី នៃការដ្ឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ។ លើសពីនេះ ការដ្ឋានខាងលើ បានអនុញ្ញាតឱ្យមានការដឹកជញ្ជូនរ៉ែសំណង់ ដោយមិនគ្របតង់កៅស៊ូ ឱ្យបានត្រឹមត្រូវ រីឯច្រកចេញចូល​​ការដ្ឋានក៏ពុំមានការស្រោចទឹកជាប្រចាំ ដែលជាហេតុបង្កឱ្យមានការរំខានដល់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញ​ទីតាំងការដ្ឋាន។

ក្រសួងបានបន្ថែមថា ដោយពិនិត្យឃើញដូច្នេះ ក្រុមការងារអធិការកិច្ច បានសម្រេចបិទការដ្ឋានសិប្បកម្មរណ្តៅដីខាងលើ និងតម្រូវឱ្យម្ចាស់អាជ្ញាប័ណ្ណធ្វើការស្តារបរិស្ថាន សង់របងជុំវិញរណ្តៅ​ជាពិសេសត្រូវបង់សួយសារដែលនៅសេសសល់​តាមករណីជាក់ស្តែង។ ក្នុងករណីម្ចាស់ការដ្ឋានមិនអនុវត្តតាមសេចក្តីតម្រូវ ឬបន្តសកម្មភាពជីករណ្តៅដី ក្រសួងរ៉ែ និងថាមពល នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ តាមនីតិវិធីច្បាប់ជាធរមាន៕