(ឧត្តរមានជ័យ)៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ស្មើនិង ៣០បន្ទប់ អគារទីចាត់ការមួយខ្នង ៣បន្ទប់ រួមនិងសមិទ្ធិផលមួយ​ចំនួនទៀត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់សិស្សានុសិស្សលើដែន​ដីអតីត​សមរភូមិសង្រ្គាមនៅវិទ្យាល័យតេជោសែន សំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ សាងសង់បាន ៧០ភាគ​រយហើយ ហើយអាចនឹងបញ្ចប់ជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ។

នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ បានចុះទៅត្រួតពិនិត្យដំណើរការសាងសង់អគារទាំងអស់នេះ ដើម្បីធានាបានពីគុណភាព​ល្អប្រសើរ​របស់អគារ។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណដល់កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំដោយនាយ​ឧត្តមសេនីយ៍ ខេង សុមេធ ខិតខំប្រឹងប្រែងក្នុងការសាងសង់ និងសម្រេចលទ្ធផលបានយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ថា ក្នុងដំណើរអញ្ជើញចុះទៅសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅ​ក្នុងខេត្តឧត្តរ​មានជ័យ កាលពី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់អគារសិក្សា ១ខ្នង៣ជាន់ ៣០បន្ទប់ ទីចាត់ការ ១ខ្នងផ្លូវបេតុងប្រវែង ១០០ម៉ែត្រ ក្លោងទ្វា១ និង ជួសជុលអគារសិក្សា ១ខ្នង ៦បន្ទប់ ជូនដល់សិស្សា​នុសិស្សនៅវិទ្យាល័យតេជោសែន សំរោង។

ក្រៅពីវិទ្យាល័យតេជោសែនសំរោង សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អគារសិក្សាដល់សាលាផ្សេងៗជាច្រើនផ្សេងទៀត នៅក្នុងខេត្ត ឧត្តរមានជ័យ ដែលជាទឹកដីជម្រកចុងក្រោយរបស់កងទ័ព និងមេដឹកនាំខ្មែរក្រហម៕

វីដេអូស្តីពីដំណើររបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទៅខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦៖