(ភ្នំពេញ)៖ ប្រតិភូកម្ពុជាដឹកនាំដោយ លោក ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រួមជាមួយលោក រដ្ឋ កុសល តំណាងក្រុមហ៊ុនទេសចរណ៍ CSL Travel and Tours បានធ្វើដំណើរទស្សនកិច្ច​ទៅចូលរួមក្នុង​សន្និសីទ​​អន្តរជាតិលើកទី៥ស្ដីពី វិស័យទេសចរណ៍នៃភូមិភាគឦសាន នៃប្រទេសឥណ្ឌា ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ។

សន្និសីទ្ធអន្តរជាតិនេះ ធ្វើឡើងនៅទីក្រុងបូពូល នៃរដ្ឋម៉ានីពូរ ក្រោមអធិបតីភាព លោក អូក្សាម អ៊ីបូប៊ូ ស៊ីងហ៍ អភិបាលរដ្ឋ​ម៉ានីពូរ និងលោក វីណូដ ហ្សូតស៊ី រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឥណ្ឌា ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ នៅភូមិភាគឦសានរបស់ឥណ្ឌា។ ប្រតិភូអន្តរជាតិដែលចូលរួមសន្និសីទនោះ មានចំនួន៤៨នាក់ រួមទាំងកម្ពុជាផងដែរ។

ថ្លែងក្នុងសន្និសីទនោះ លោក អូក្សាម បានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាប្ដេជ្ញាលើកស្ទួយវិស័យទេសចរណ៍ នៅភូមិភាគឦសាន ដោយធ្វើកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។

ប្រភពពីក្រសួងព័ត៌មានបានឲ្យដឹងដា អំឡុងពេលសន្និសីទនោះដែរ ក្រសួងទេសចរណ៍ឥណ្ឌា បានរៀបចំស្ដង់ដារជាច្រើន សម្រាប់រដ្ឋនីមួយៗមកពីតំបន់ឦសាន ក៏ដូចជាក្រុមហ៊ុនទេសចរណ៍របស់ឥណ្ឌាមួយចំនួនផងដែរ ដើម្បីដាក់បង្ហាញ​ពីតំបន់​ទេសចរណ៍ វប្បធម៌ ប្រពៃណីរបស់ប្រជាជន ដែលរស់នៅតាមតំបន់នោះ។

ក្រសួងទេសចរណ៍ឥណ្ឌា បាននាំប្រតិភូអន្តរជាតិទាំង៤៨នាក់នោះ ទៅទស្សនាតំបន់រមណីយដ្ឋាន​ទេសចរណ៍ដ៏ល្អៗ​មួយចំនួនផងដែរ ហើយនៅរាល់យប់នៃដំណើរទស្សនកិច្ច មានក្រុមសិល្បៈ​មកពីគ្រប់រដ្ឋ នៃភូមិភាគឦសានឥណ្ឌា សម្ដែងជូនប្រតិភូទស្សនាទស្សនា ដើម្បីស្វែងយល់ពីប្រពៃណី វប្បធម៌ និងអរិយធម៌របស់ឥណ្ឌា ដែលជាផ្នែកមួយនៃការ​ទាក់ទាញភ្ញៀវទេសចរ ឲ្យចូលទស្សនាតំបន់ទេសចរណ៍របស់ខ្លួន ឲ្យកាន់តែច្រើនថែមទៀត ដោយប្រើប្រាស់ពាក្យស្លោក ក្នុងការផ្សាយពាណិជ្ជកម្មរបស់ខ្លួនថា «ភាពមិនគួរឲ្យជឿនៃប្រទេសឥណ្ឌា»។

គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ ទេសចរកម្ពុជាក៏បានទៅទស្សនាតំបន់ទេសចរណ៍មួយចំនួន នៅប្រទេសឥណ្ឌាច្រើនដែរ ពិសេសតំបន់ព្រះពុទ្ធសាសនា ជាកន្លែងដែលព្រះពុទ្ធអង្គ ទ្រង់បានអនុវត្តន៍ ផ្សព្វផ្សាយទ្រឹស្ដី និងជំនឿព្រះពុទ្ធសាសនា៕