(កណ្ដាល)៖ មានលិខិតមិត្តអ្នកអាន​មួយច្បាប់​ត្រូវបានគេ​ផ្ញើមក​អោយ Fresh News ជួយផ្សាយ ក្រែងលោបានដឹងដល់ លោកទេសរដ្ឋមន្ត្រីជា សុផារ៉ា លោកអាចជួយទប់ស្កាត់បានខ្លះ ព្រោះបើមិនដូច្នេះទេ អាចធ្វើអោយលោកប្រធានមន្ទីរ ធ្វើអ្វីៗស្រេចនឹងចិត្ត ធ្វើអត្តនោម័តម្នាក់ឯង នាំអោយថ្នាក់ក្រោមបាក់ទឹកចិត្តនឹងការងារ។

រឿងនេះគឺពាក់ព័ន្ធជាមួយលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្ដាលដែលទើបឡើង កាន់តំណែងបាន៤ខែប៉ុណ្ណោះ ស្រាប់តែលោកចាប់ផ្ដើមទូងស្គអោយប្រធាននិងអនុប្រធានការិយាល័យភូមិបាលនៅតាម បណ្ដាលក្រុង ស្រុកទាំងអស់រៀបជើងព្រួល ត្រៀមខ្លួនអោយហើយ អ្នកណាចេះយល់ការប្រញាប់រត់រកខ្សែ ទុយោ ទប់ កៅអីអោយហើយ បើមិនដូច្នេះទេ បើរបូតកុំថាលោកមិនបានប្រាប់ជាមុន។

រឿងនេះគឺពាក់ព័ន្ធដល់គម្រោងការលោកប្រធានមន្ទីររៀបចំផ្លាស់ប្ដូរ ឬដោះដូរកៅអីប្រធានការិយាល័យភូមិបាល និង ប្រធានការិយា​ល័យចំណុះអោយមន្ទីរមួយចំនួនទៀតដែរត្រូវប៉ាន់។ប៉ុន្តែគម្រោងនេះ លោកមិនបានធ្វើភ្លាមៗនោះទេ គឺលោក ប្រធានធ្វើការទូងស្គស្ងាត់ៗក្រែងលោមានអ្នករត់ទប់ឬអ្នករត់តូយកកៅអីខ្លាញ់ៗ លោកបានសើមមាត់ស្ងាត់ៗផងដែរ តែ អ្វីដែលគេឆ្ងល់នោះគឺ៖
ទី១- គេឆ្ងល់ថាលោកប្រធានរៀបចំគម្រោងផ្ទេរប្រធានភូមិបាល១១ក្រុង ស្រុក ក្នុងខេត្តកណ្តាល ដោយគ្មានប្រជុំជាមួយ ថ្នាក់ដឹកនាំក្នុងមន្ទីរ និងសុំគោលការណ៏ពីក្រសួងរៀបចំដែនដីនោះទេ ព្រោះនៅទូទាំង២៤រាជធានី ខេត្ត គ្មានគោលការណ៏បង្វិល ដោះដូរប្រធានភូមិបាលនោះឡើយ។
ទី២- គេឆ្ងល់ថាប្រធានភូមិបាលស្រុកខ្លះគ្រប់គ្រងដីមិនបានល្អ ធ្វើប័ណ្ណដីជាន់គ្នា បង្កើតបញ្ហា ច្រើន ប្រឈមការដកហូតមុខតំណែងនោះ ក៏យកឱកាសបង្វិលតំណែងប្រធានភូមិបាលនេះ រត់ការយកស្រុកដែលល្អ មានដីចុះបញ្ជី ជាប្រព័ន្ធហើយ ដូចជាស្រុកដែលដីធ្លីមានហាងឆេងជាដើម។
ទី៣- គេឆ្ងល់ប្រធានភូមិបាលក្រុង ស្រុកខ្លះ ខំបំពេញការងាររបស់ខ្លួន ដោយមានការសហការពីមន្ត្រីក្រោមឱវាត និងអាជ្ញាធរគ្រប់លំដាប់ ជាពិសេសគណៈពង្រឹងដើម្បីររួមចំណែកការអភិវឌ្ឍន៍នៅ មូលដ្នានរបស់ខ្លួនរហូតមកដល់ពេលនេះ គឺជាការខិតខំមួយដោយប្រើពេលវេលាគ្រប់គ្រងការងារ ការចងសម្ព័ន្ធជាមិត្ត ការបំពេញ ការងារឱ្យរឹងមាំបានល្អជាដើម តែលោកប្រធានមន្ទីរមិនលើកសរសើរនោះទេ បែរជាគំរាមដក គំរាមផ្លាស់ចេញទោវិញ។
ទី៤- គេឆ្ងល់ថា ជិតចូលឆ្នាំ រាជរដ្ឋាភិបាលតម្លើងប្រាក់ខែឱ្យមន្ត្រីរាជការ ម្នាក់ៗអរនិងគាំទ្រសម្តេចតេជោ បែរជាការ​សប្បាយ​​នេះ ធ្វើ ឱ្យមន្ត្រីថ្នាក់ក្រោមមានកង្វល់ និងមន្ត្រីការិយាល័យខ្លះរកាំចិត្ត​ចំពោះការប្រើអំណាចផ្តាច់ការគ្មាន​គោលការណ៏ច្បាស់​លាស់របស់ លោកប្រធានមន្ទីរទៅវិញ។
ទី៥- គេឆ្ងល់ថាបើមានគោលការឯកភាពទូទាំងប្រទសនោះមិនអីទេ តែនេះ​គោលការណ៍​ដោះដូរ ឬបង្វិល គេឮថានឹងធ្វើឡើង​នៅតែខេត្តកណ្ដាលមួយតែឯងទៅវិញ ។

ប្រធានៗការិយាល័យភូមិបាល និងប្រធានការិយាល័យចំណុះអោយមន្ទីរមួយចំនួននាំគ្នាឆ្ងល់ ហើយក៏ចង់​អោយមានចំលើយ​ជា​សាធារណៈឆ្លើយតបចំពោះចម្ងល់របស់កូនចៅវិញផងដែរថាតើគម្រោងបង្វិលឬគម្រោងដកមន្ត្រីនេះ ដាក់មន្ត្រីនោះដែលគេលេច ឮមួយអាទិត្យពីរនេះ តើជាការពិត ហើយបើជាការពិត តើមានគោលការណ៍​ណែនាំពីថ្នាក់លើដែរ​ឬអត់? ក្នុងនោះមន្ត្រីថ្នាក់ក្រោម បានសំណូមពរថា បើព័ត៌មានស្ដីពីការបង្វិលកៅអីប្រធាន អនុប្រធានការិយាល័យតាម​ស្រុកឬដោះ​ដូរ​តួនាទីនេះជាការពិតដូចអ្វី ដែលលោកប្រធានថាមែន កូនចៅសូមអោយថ្នាក់លើ ជាពិសេសលោក​ទេសរដ្ឋមន្ត្រី​ជា សុផារ៉ា ជួយចាត់តាំងមន្ត្រីស្អាតស្អំចុះ ត្រួតពិនិត្យផ្ដល់យុត្តិធម៌ដល់កូនចៅផង។

ដោយឡែកតាមការខ្សឹបខ្សៀវ លោកអនុប្រធានមន្ទីររៀបចំដែនដីខេត្តកណ្ដាល​ម្នាក់ទៀតដែលទទួលបន្ទុកការងារ​រដ្ឋបាលក៏មិន ធម្មតាប៉ុន្មានដែរ ព្រោះបច្ចុប្បន្នគេថាលោកអនុប្រធាន​មន្ទីររូបនេះកំពុងតែចងក្រងខ្សែ​បណ្ដាញបក្ខ​ពួករបស់ខ្លួន សូម្បីតែអនុៗប្រធាន មន្ទីរដែលមានតួនាទីស្មើរ ក៏លោកអនុប្រធានកាន់ខាងរដ្ឋបាលសុីដាច់គ្នាដែរ ដូចជាមិនចែករបបប្លង់​ដល់មន្ត្រីដែលខំធ្វើការ មិន ផ្ដល់លុយដល់អនុប្រធានមន្ទីរទទួលបន្ទុកអភិរក្សជាដើម។

ខាងលើនេះគឺគ្រាន់តែជាព័ត៌មានដែលកូនចៅចំណុះអោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ពឹង Fresh News អោយជួយផ្សាយដើម្បីជំរាបជូនទៅ​ថ្នាក់លើជួយចុះមកត្រួតពិនិត្យ​មើលតែ​ប៉ុណ្ណោះ ថាតើការរិះគន់របស់កូនចៅនឹងវា ត្រឹមត្រូវដែរឬអត់? ព្រោះនៅរសៀលថ្ងៃនេះ Fresh Bews មិនអាចធ្វើការទាក់ទង​សុំការបំភ្លឺពីលោកប្រធានមន្ទីរ និងលោកអនុប្រធាន ទទួលបន្ទុករដ្ឋបាលបានឡើយ ដោយសារពុំមានលេខទូរស័ព្ទ​សំរាប់ធ្វើការទាក់ទង តែពេលខ្លះក៏មានកូនចៅខិលខូច លួចទម្លាយ ព័ត៌មានបង្ខូចឈ្មោះមេក៏អាចថាបាន៕