(ភ្នំពេញ)៖ ដើម្បីពង្រឹងគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋាន លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌដង្កោ បានជំរុញដល់កម្លាំងសមត្ថកិច្ច មូលដ្ឋាន ត្រូវបង្កើនសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ពិសេសបទល្មើសគ្រឿងញៀន ឲ្យដូចភ្លៀងរលឹម ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ការក្រើនរំឮកដាស់ស្មារតីខាងលើ ត្រូវបានធ្វើឡើងនៅកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោកអភិបាលរង លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជការ កងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យចំណុះជំនាញនានា ជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ទាំង១៣ ប្រធានភូមិទាំង៨៧ និងនាយកសាលាទាំងអស់ក្នុងខណ្ឌ។

លោកអភិបាលខណ្ឌ បានធ្វើការណែនាំដល់អង្គប្រជុំ ត្រូវជំរុញការអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច ឲ្យមានប្រសិទ្ធិភាព។ លោកប្រធានគណៈបញ្ជាការឯកភាព ជំរុញបន្ថែមឲ្យកងកម្លាំងយកចិត្តទុកដាក់ឲ្យ បានខ្លាំងក្លា ក្នុងការស្រាវជ្រាវ ទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន សំដៅពង្រឹងយុទ្ធនាការ បង្ក្រាបបទល្មើសគ្រឿងញៀននេះ។

ក្រៅពីនេះ ត្រូវយកចិត្ត​ទុកដាក់ ចំពោះការបង្ក្រាបបទល្មើសលួចឆក់ប្លន់ និងល្បែងស៊ីសងគ្រប់ប្រភេទ, ចំពោះពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ រដ្ឋបាលសង្កាត់ ប៉ុស្តិ៍នគរបាល ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គិភ័យ។

លោកអភិបាលខណ្ឌ ក៏បាន​ឧបត្ថម្ភដល់អធិការដ្ឋាននគរបាល​ខណ្ឌ និងមូលដ្ឋានកងរាជ​អាវុធហត្ថខណ្ឌ ដែលមានស្នាដៃល្អ ក្នុងការបង្ក្រាបបទល្មើស ក្នុងមូលដ្ឋាន ថវិកាចំនួន៨០ម៉ឺនរៀល៕