(ឧត្តរមានជ័យ)៖ បន្ទាប់ពីបានពិនិត្យឃើញពីភាពលំបាក របស់អតីតយុទ្ធជន និងជាយោធិនពិការផងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់លំនៅឋានជាបន្តបន្ទាប់ជូនដល់អតីតយុទ្ធជន ជួបការលំបាកក្នុងជីវភាព ដើម្បីជួយសម្រួលរាល់ការលំបាករបស់ពួកគេ។

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ផ្ទះមួយខ្នងទៀត ជូនអតីតយុទ្ធជន និងជា យោធិនពិការទីទាល់ក្រឈ្មោះ ខេង ថន រស់នៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រៅពីការប្រគល់ផ្ទះហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានឧបត្ថម្ភ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ៥យួរ មី ១កេស ថវិកា ២០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត និងបានឧបត្ថម្ភជូនបងប្អូន សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានចូលរួមក្នុងពិធីនេះចំនួន ២០នាក់ក្នុងម្នាក់ៗ មី ១កេស ថវិកា ២ម៉ឺនរៀល។

តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម លោក ខេង ថន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ផ្ទះជូនគាត់ ជាអតីតយុទ្ធជនពិការ កំពុងមានជីវភាពខ្វះខាត និងអរគុណសម្តេចតេជោ ដែលបានដំឡើងប្រាក់ខែជូនបងប្អូនអតីតយុទ្ធជន និវត្តជន ធ្វើឲ្យជីវភាពគាត់បានធូរស្រាលមួយកម្រិតទៀត៕