(ភ្នំពេញ)៖ ក្រោយទទួលបានការអនុញ្ញាតពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវរួចមក អភិបាលរងខណ្ឌលោក ប្រាជ្ញ សីហា បានដឹកនាំក្រុមការងារ មានទាំងមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខណ្ឌ ព្រមទាំងមន្ត្រីការិយាល័យអន្តរវិស័យខណ្ឌ អាជ្ញាធរសង្កាត់-ភូមិ ចុះទៅអនុវត្ត និងជុំរុញឲ្យប្រជាពលរដ្ឋចំនួន២៦គ្រួសារ ដែលរស់នៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ចាប់ពីក្បែររង្វង់មូលគល់ស្ពានលោកឧកញ៉ា លី យ៉ុងផាត់ រហូតមកទល់កែងផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជួយសហការធ្វើយ៉ាងណាឲ្យអាជ្ញាធរពាក់ព័ន្ធ បានចុះទៅវាស់វែងដី-ផ្ទះជូនក្នុងពេលឆាប់ៗនេះ និងផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ផងដែរ។

ជាលទ្ធផល ប្រជាពលរដ្ឋចំនួន១៧គ្រួសារ ក្នុងចំណោម២៦គ្រួសារបានទទួលសំណងរួចហើយ និងមានកម្មសិទ្ធិដីដែលត្រូវ បានចុះបញ្ជីពីរដ្ឋបានត្រឹមត្រូវទៀតផង។ ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់លើចិញ្ចើមផ្លូវ ក្នុងគម្រោងផែនការពង្រីកផ្លូវឲ្យបានធំទូលាយ របស់សាលារាជធានីភ្នំពេញ មានប្រវែង៦៦ម៉ែត្រ។

ពេលចុះអនុវត្តការងារនេះនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ លោក ប្រាជ្ញ សីហា បានលើកឡើងថា «ប្រជាពលរដ្ឋទាំង២៦គ្រួសារ ដែលរស់នៅលើចិញ្ចើមផ្លូវ និងរងផលប៉ះពាល់ដល់ការស្ថាបនាពង្រីកផ្លូវ របស់សាលារាជធានីភ្នំពេញនេះ ជាក់ស្ដែង បានទទួលសំណងពីក្រសួងធនធានទឹក និងឧតុនិយម រួមនិងក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ រួចរាល់ហើយ កាលពីកន្លងមក ព្រមទាំងបានចុះបញ្ជីពីមន្ត្រីសុរិយោដី ដើម្បីកសាងធ្វើប័ណ្ណកម្មសិទ្ធិផងដែរ ចំនួន១៧គ្រួសារ ដោយនូវតែរង់ចាំការអនុវត្តរុះរើសំណង់តែប៉ុណ្ណោះ ដើម្បីឲ្យមន្ត្រីជុំនាញចុះវាស់វែងជូន»

បន្ថែមពីនេះលោក ប្រាជ្ញ សីហា បានលើកឡើងទៀតថា ការចុះអនុវត្តនេះដោយសារសាលារាជធានីភ្នំពេញ បាននិងកំពុងពន្លឿន ដើម្បីពង្រីកផ្លូវឲ្យបានឆាប់រហ័ស និងធំទូលាយដោយគិតត្រឹមអ័ក្សពីពាក់កណ្ដាលស្ពានលោកឧកញ៉ា លី យ៉ុ ងផាត់ មកខាងត្បូង ពង្រីកទទឹងដល់ទៅ២៥ម៉ែត្រ ក្នុងការបញ្ជៀសនូវការប្រឈមនានាដូចជា ការកកស្ទះចរាចរ ការកកស្ទះពីជំនន់ទឹកភ្លៀង និងកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ជាដើម ជាពិសេសជួយលើកកម្ពស់​សោភ័ណ្ឌភាពរាជធានីភ្នំពេញផងដែរ។

លើសពីនេះលោក ប្រាជ្ញ សីហា ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋមានការយល់ដឹងអំពីច្បាប់ទម្លាប់បានច្រើន ហើយក៏បានឯកភាព ទទួលយកសំណើររបស់អាជ្ញាធរមូលដ្ឋាន ទើបមិនបណ្ដាលឲ្យមានការលំបាក ក្នុងការរុះរើសំណង់ចេញដើម្បីពង្រីកផ្លូវនេះ៕