(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យសង្វេគ​ពេកហើយ ខណៈដែលផលិតកររឿង «កំពូលស៊យឆ្លងភព» បានរៀបរាប់ពីទុក្ខសោករបស់ខ្លួន ស្របពេលដែលភាពយន្តមួយនេះ កំពុងតែជិតដល់ថ្ងៃទម្លាក់ពីរោង​ ដោយទទូចដល់ទស្សនិកជន ទៅមើលឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្ត ក៏ដូចជាបានចំណូលមកវិញ គ្រាន់ដោះស្រាយបញ្ហាបំណុល ដែលកំពុងតែប្រឈម​ជាមួយនឹងធនាគារ។

​​លោក តាន់ វុទ្ធី ផលិតករ និងជា​ចាងហ្វាងផលិតកម្ម «អូហ្វីម» បានថ្លែងទាំងទឹកមុខក្រៀមក្រំថា លោកមិនទាន់សប្បាយចិត្តនោះទេ ស្របពេលដែលរឿង «កំពូលស៊យឆ្លងភព» របស់លោកដាក់បញ្ចាំង​បានតែប៉ុន្មានថ្ងៃ តួលេខអ្នកមកមើលបាន​តែជាង១ម៉ឺននាក់ប៉ុណ្ណោះ ខណៈដែលរឿងនេះ តាមដឹងត្រូវទម្លាក់ពីរោងកុន ក្នុងអាទិត្យនេះហើយ។ ​បើប្រៀប​ធៀប ​ក្នុងតួលេខអ្នកមើល១​ម៉ឺន២ពាន់នាក់ គឺមិនបាន១០%​ដែលលោកត្រូវដោះស្រាយ បញ្ហាចំពោះមុខឡើយ។ ជាការ​ពិតលោកកំពុងតែវ័ណ្ឌករ ក្នុងបំណុលធនាគារ​​ដោយទៅខ្ចីលុយគេ អស់ប៉ុន្មានម៉ឺនដុល្លារ តែលទ្ធផល គឺមិនសមបំណងឡើយ។

​យ៉ាងណាមិញលោក តាន់ វុទ្ធី ក៏បានបង្ហាញពីផលវិបាក ចំពោះរោងកុន ដែលមិនបានដាក់បញ្ចាំងរឿងរបស់លោក ក្នុងម៉ោងពិសេស ពោលគឺម៉ោងដែលមានមនុស្សមកមើលច្រើនទេ ដោយរោងភាពយន្ត បានដាក់បញ្ចាំងក្នុងម៉ោង ​ដែលស្ទើរតែគ្មាន​អ្នកទៅទស្សនាសោះ ដែលជាហេតុធ្វើឲ្យលោក ពិតជាតឹងទ្រូង និយាយអ្វីលែងចង់ចេញ។

​ផលិតករ ជួបប្រទះការលំបាក ក្នុងវិស័យភាពយន្តរូបនេះ បានបញ្ជាក់ថា ភាគច្រើនរឿងរបស់លោកដាក់បញ្ចាំង នៅម៉ោងស្អុយ​ ពោលគឺក្នុងម៉ោង៩ព្រឹក ឬម៉ោង១០​ព្រឹក ដែលម៉ោង​នេះមិនមានអ្នកណាទំនេរ មកទស្សនានោះទេ ហើយតួលេខនៃការបញ្ចាំង ក៏មិនមានច្រើនដែរ។ មូលហេតុបែបនេះ​ហើយលោកឆ្ងល់ មានកត្តាអ្វីដែលឲ្យកុន​លោកដាក់​តែម៉ោងស្អុយភាគច្រើន ខុសពីផលិតកម្មមួយ ចំនួន​។ លោកលើកហេតុផលទៀតថា កត្តាដែលចាំបាច់ក្នុងផ្លូវសង្ឃឹមរបស់លោក គឺមានតេអង្វរទស្សនិកជនប៉ុណ្ណោះ ព្រោះលោក​​មានពេល​តែ២ឬ៣ថ្ងៃទៀតទេ ដែលកុនរបស់លោក​ត្រូវបិទលែងបញ្ចាំងទៀតហើយ ព្រោះគ្មានមនុស្សមើល ហើយក៏ជិតដល់ពេលបញ្ចប់ការបរិច្ឆេទ ជាមួយរោងកុនដែរ។

ផលិតករដែលហ៊ាន​លះបង់ធនធានរហូតផុងខ្លួន ជាប់បំណុលធនាគារ ដោះស្រាយមិនទាន់ចេញរូបនេះ បានត្អូញត្អែបន្ថែមទៀតថា ជាមួយគ្នានេះ ក្រៅពីមហាជន​ទូទៅ អ្នកសិល្បៈ​ក៏​ជាចំណែកមួយ ក្នុងចូលរួមជួយជ្រោមជ្រែងគ្នា​ផងដែរ ព្រោះអ្នកសិល្បៈ អាចដឹង​ដឹងពីទុក្ខធុរៈអ្នកសិល្បៈដូចគ្នាច្បាស់ ហើយពេលឃើញអ្នករួមអាជីព កំពង់ឈ្លក់ទឹកបែបនេះ គួរតែចេះជួយគ្នា កុំមើលបំណាំគ្នា ទើបជាការប្រសើរ ហើយឈានទៅរកភាពរីកចម្រើនទាំងអស់គ្នា។

​លោកសង្កត់ធ្ងន់ថា យ៉ាងណាមិញ ព្រោះ​តែស្រឡាញ់សិល្បៈ លោក​លះបង់ច្រើនណាស់ បើមិនគិតពីរឿងនេះ លោកអាចរស់នៅស្រួល ទៅណាមកណា​ក៏ស្រួលចិត្តដែរ មិនលំបាក​ជីវភាពទេ ។ តែពេលនេះ លោកបានលង់ខ្លួន​ខ្ចីលុយធនាគារ រាប់ម៉ឺន ហើយនឹងត្រូវលះបង់លុយ​សងគេទៅវិញ១ខែ១ពាន់ដុល្លារ​ជាង ហើយមានរយៈ​​ពេលដល់ទៅ៥ឆ្នាំឯណោះ ស្របពេលក្នុងបញ្ជីលុយទាំងនោះ មានបងប្អូនមួយចំនួន គេយករបស់ទៅដាក់មកជួយលោកដែរ ដូចនេះកាន់តែធ្វើឲ្យអ្នកផ្សេង រួមចំណែកពិបាក ដោយសារលោកបន្ថែមទៀត៕