(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះ បានប្រកាសបែងចែកតួនាទីនានា​ របស់សម្តេចវិបុលបញ្ញា សុខ អាន ទៅឱ្យក្រសួងផ្សេងៗកាន់កាប់ឡើងវិញ។ ការប្រកាសបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីមានការស្រាយមិនច្បាស់លាស់មួយថា តួនាទីទាំងនោះនឹងត្រូវ ប្រគល់ជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជារដ្ឋមន្រ្តីមន្រ្តីស្តីទី នៃទីស្តីការគណៈរដ្ឋមន្រ្តី។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត-សិស្ស ប្រមាណ៩៨៤នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឱ្យដឹងថា តួនាទីរបស់សម្តេចវិបុលបញ្ញា សុខ អាន នឹងត្រូវបានបែងចែកទៅឱ្យរដ្ឋមន្រ្តី នៅក្រសួងយ៉ាង ហោចណាស់ចំនួន៦ ហើយតួនាទីមួយចំនួន ក៏ត្រូវបានកែប្រែរួចហើយ កាលពីដើមអាណត្តិ។

សម្តេចតេជោ បានបញ្ជាក់ថា «សម្រាប់កិច្ចការទាក់ទងនឹងការកាត់ទោសខ្មែរក្រហម គឺក្រុមការងារនៅដដែល បង្កើនមនុស្សខ្លះ ហើយឯកឧត្តម ប៊ិន ឈិន ទទួលកិច្ចការងារនេះ ជំនួសសម្តេចវិបុលបញ្ញា សុខ អាន»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖

* ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទី ទីស្តីការគណៈរដ្ឋមន្រ្តី ទទួលគ្រប់គ្រងសាលាក្តីកាត់ទោសខ្មែរក្រហម ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ហើយក្រុមការងារនៅដដែលបង្កើនមនុស្សខ្លះ ព្រោះការងារនេះជាការងារអន្តរវិស័យមួយ ហើយទំនាក់ទំនងរវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិផង។
* អាជ្ញាធរអប្សរា និងអាជ្ញាធរព្រះវិហារ ត្រូវបានផ្ទេរឲ្យទៅស្ថិតនៅក្រោមការគ្រប់គ្រង​ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ត្រូវតែងតាំងជាប្រធានអាជ្ញាធរអប្សរា។
* គណៈកម្មការបេតិកភណ្ឌ និងយូណេស្កូ ក៏ត្រូវបានប្រគល់ទៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
* គណៈកម្មការផ្លូវដែក ត្រូវបានប្រគល់ទៅឲ្យលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រង។
* ប្រធានកាយរិទ្ធវិញ ត្រូវបានសម្រេចដាក់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជំនួសសម្តេចវិបុលបញ្ញា សុខ អាន។
* គណៈកម្មការវិស្វកម្មវិញ ត្រូវបានទៅដាក់នៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការពិភាក្សាអំពីរឿងមួយចំនួននេះ បានធ្វើឡើងតាំងដើមអាណត្តិមកម្ល៉េះ មិនមែនទើបនឹង ពេលនេះទេ។ សម្តេចបានអះអាងថា លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានដឹងអំពីរឿងនេះផងដែរ។

គួរបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីវេលាម៉ោង០៦៖៣២នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។

ក្រៅពីតួនាទីនៅក្នុងចង្កោមរាជរដ្ឋាភិបាល, នៅក្នុងគណបក្សឯនោះវិញ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចចាត់តាំង លោក ប៉ុល សារឿន ឱ្យធ្វើជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ហើយកាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជា ក៏បានផ្ញើលិខិត គ.ជ.ប ដោយស្នើដាក់ លោក ជា វ៉ាន់ដេត ជាតំណាងរាស្ដ្រមណ្ឌល ខេត្តតាកែវបន្តពីសម្តេច សុខ អាន ថែមទៀត៕