(កំពង់ស្ពឺ)៖ ក្រុមចោរប្លន់២នាក់ ជិះម៉ូតូមួយគ្រឿង បានបាញ់ប្រហារទៅប្រជាពលរដ្ឋទាំងថ្ងៃ យកម៉ូតូជិះទៅបាត់ នៅវេលាម៉ោង៩៖៣៥នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ​ ស្ថិតនៅចំណុចខាងជើងស្ពានរលាំងជ្រៃ ឃុំតាំងក្រូច ស្រុកសំរោងទង។ ករណីប្លន់ទាំងថ្ងៃនេះ បានបណ្តាលឲ្យជនរងគ្រោះលោក ប៊ិន​ សាវុធ អាយុ៣៦ឆ្នាំ រស់នៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង រងរបួសធ្ងន់។

មន្រ្តីនគរបាលមូលដ្ឋានបានប្រាប់ភ្នាក់ងារ Fresh News ថា មានចោចំនួន២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាក C125 (2008) ពណ៍ខ្មៅ ស្លៀកពាក់អាវ ពណ៍ខ្មៅដៃវែង បានធ្វើសកម្មភាពយកអាវុធខ្លីបាញ់ទៅលើឈ្មោះ ប៊ិន សាវុធ ចំនួន២គ្រាប់ ត្រូវចំពោះ១គ្រាប់ បណ្តាលឲរបួសធ្ងន់ រួចពួកវាបានយកម៉ូតូ ជនរងគ្រោះម៉ាក C125 (2016) ពណ៌ខ្មៅ ផ្លាកលេខកំពង់ស្ពឺ 1H-3905 គេចខ្លួនបាត់។

សម្រាប់ករណីនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងធ្វើការស្រាវជ្រាវតាមបង្ក្រាប ខណៈជនរងគ្រោះ​ដែលត្រូវ​គ្រាប់​កាំភ្លើង​នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕