(សៀមរាប)៖ នៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ មានជនទមិឡវាយបំផ្លាញរូបចម្លាក់ហង្ស នៅខាងមុខរូបសំណាក់យាយទេព មានទីតាំងនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្តាលឲ្យបាក់ក្បាល និងបាក់កន្ទុយ តែកម្លាំងល្បាតបានឃាត់ខ្លួនជនសង្ស័យម្នាក់ នាំទៅសាកសួរចម្លើយ នៅប៉ុស្តិ៍នគរបាលស្វាយដង្គំតែម្ដង។

មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ ខេត្តសៀមរាប កំពុងចុះល្បាតទៅដល់បរិវេណកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យម្នាក់ និងបានឃាត់ខ្លួនភ្លាមៗ ដើម្បីយកមកសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ។

ជនសង្ស័យមានឈ្មោះ ឈឿន ឆើត អាយុ៣៤ឆ្នាំ មានទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អំឡុងពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យបានឆ្លើយថា ខ្លួនមិនបានវាយរូបហង្សនោះទេ គឺមានមនុស្សប្រុស២នាក់ផ្សេងទៀត បានជិះម៉ូតូ១គ្រឿងមកវាយរូបនោះ ហើយរួចគេចខ្លួនបាត់ទៅ រូបខ្លួនគ្រាន់តែជាអ្នកដើរកាត់ទេ។

លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានចាត់ឲ្យលោកវរសេនីយ៍ត្រី នួន ស័ក្តិចំរើនរិទ្ធ អធិការងទទួលបន្ទុកព្រហ្មទណ្ឌក្រុងសៀមរាប ដឹកនាំកម្លាំងជំនាញធ្វើការស៊ើបអង្កេត ករណីនេះបន្តទៀត។

ពាក់ព័ន្ធនឹងករណីនេះ ក៏មានរឿងរ៉ាវអាក្រក់មួយកើតឡើងម្ដងរួចហើយ ដោយរូបសំណាក់លោកយាយទេព កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ក៏ធ្លាប់ត្រូវបានជនមិនស្គាល់មុខ លួចវាយបាក់ក និងឆែបច្រមុះផងដែរ៕