(ភ្នំពេញ)៖ សណ្ឋាគារផ្កាយប្រាំ​លំដាប់អន្តរជាតិ​ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ(Hyatt Regency Phnom Penh) ដែលវិនិយោគ ដោយក្រុមហ៊ុន​រ៉ូយ៉ាល់​ រីស៊ីដេន ហូថេល អេន រីហ្សត (Royal Residence Hotels and Resorts) ដែល​ជាបុត្រ​សម្ព័ន្ធរបស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ​ក្រោមអធិបតីភាព​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកទេសរដ្ឋមន្ដ្រី បានថ្លែងថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្នុងនាមខ្ញុំផ្ទាល់ សូមសំដែងការស្វាគមន៍ និងអបអរសាទរ ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្ដ របស់ក្រុមហ៊ុន Royal Residence Hotels and Resorts ក្នុងការវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលចាប់ផ្ដើមអនុវត្ដន៍គម្រោងសាងសង់​សណ្ឋាគារកម្រិតផ្កាយប្រាំ មានកម្ពស់១៤ជាន់  ក្រឡាផ្ទៃសំណង់ ៤៧,៤០០ម៉ែត្រក្រឡា លើផ្ទៃដីទំហំ ៧,០៣២ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺនៅជិតព្រះបរម​រាជវាំង និងសារមន្ទីរជាតិ បេះដូងនៃកម្ពុជា។ នេះបង្ហាញឲ្យឃើញ កម្ពុជាកំពុង ស្ថិតនៅក្នុងសុខសន្ដិភាពពេញ បរិបូរ សភាពការណ៍នយោបាយសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមល្អប្រសើរដែលបង្កើតនូវបរិយាកាស និងកាលានុវត្ដន៍ភាពដ៏ប្រពៃ សម្រាប់ការវិនិយោគ និងធុរកិច្ចក្នុងគ្រប់វិស័យ»

លោកទេសរដ្ឋមន្ដ្រី បន្ថែមថា «ដូច្នេះ ការសាងសង់នូវសណ្ឋាគារផ្កាយប្រាំ Hyatt Regency Phnom Penhនេះ នឹងបង្កើតឱកាសការងារ​ដល់ប្រជាពលរដ្ឋកម្ពុជា និងចំណូលថវិកាជាតិ រួចចំណែកយ៉ាងពិតប្រាកដ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅក្នុងការអភិវឌ្ឍសេដ្ឋសង្គមកម្ពុជា»

លោកទេសរដ្ឋមន្ដ្រីថ្លែងទៀតថា នៅឆ្នាំ២០១៦ សណ្ឋាគារទូទាំងប្រទេសមានចំនួន ៦៤៧កន្លែង ផ្ទះសំណាក់ ១,៩៩៦កន្លែង ទីភ្នាក់ងារទេសចរណ៍៥៨៨ក្រុមហ៊ុន និងមគ្គុទេ្ទសទេសចរណ៍ ៥,០៨៨នាក់ ហើយសណ្ឋាគារចំនួន៩៦កន្លែង មានចំណាក់ថ្នាក់ក្នុងនោះសណ្ឋាគារផ្កាយប្រាំ ចំនួន២១ ផ្កាយ៤ ចំនួន៣៦ ផ្កាយ៣ ចំនួន២២ ផ្កាយ២ ចំនួន១០ និងផ្កាយ១​ចំនួន៧កន្លែង។ ដោយឡែកសណ្ឋាគារចំនួន ៤៨កន្លែង ទទួលបានការវាយតម្លៃ និងទទួលស្គាល់ ជាសណ្ឋាគារបៃតងអាស៊ានផងដែរ។

លោក ដេវីដ អុឌែល អគ្គនាយក​សណ្ឋាគារ​ហាយ៉ាត់​ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា «ខ្ញុំពិតជាមានកិត្តិយស​ដែលក្នុងថ្ងៃនេះ អាចស្វាគមក្រុមហ៊ុន ជីប ម៉ុង គ្រុប មកកាន់មហាគ្រួសារ​សណ្ឋាគារ​ហាយ៉ាត់។ ដូចគ្នានឹងសណ្ឋាគារ​ហាយ៉ាត់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប​ត្រូវបានផ្តើមចេញពីជំនួញជាលក្ខណៈគ្រួសារ ហើយបច្ចុប្បន្ន បន្ទាប់ពីឈរជើង​ក្នុងទីផ្សារកម្ពុជា​រយៈពេល៣៥​ឆ្នាំមក ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានក្លាយ​ជាក្រុមហ៊ុនដ៏ធំ និងឈានមុខគេមួយ ដែលបានវិនិយោគ​លើពហុវិស័យក្នុងប្រទេសកម្ពុជា»

ទន្ទឹមនឹងនោះ លោកឧកញ៉ា លាង ឃុន ម្ចាស់សណ្ឋាគារ ហាយ៉ាត់​រីជិនស៊ី ភ្នំពេញ​ បានថ្លែងថា «ការ​រចនា និងការគ្រប់គ្រងសណ្ឋាគារ នឹងធ្វើឡើងស្របតាមបទដ្ឋានអន្តរជាតិ​របស់សណ្ឋាគារ​ហាយ៉ាត់ ដូច្នះ​ខ្ញុំជឿជាក់ថា​សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ពិតជា​អាចទាក់ទាញភ្ញៀវទេសចរណ៍​និងអ្នកជំនួញធំៗ​មកកាន់ទីក្រុងភ្នំពេញ កាន់តែច្រើនជាងមុន ដែលនឹងជួយជំរុញកំណើន​សេដ្ឋកិច្ចជាតិ និងលើកមុខមាត់​ប្រទេសកម្ពុជា​មួយកម្រិតផងដែរ។ សណ្ឋាគារនេះ​ នឹងក្លាយជាសណ្ឋាគារ​ហាយ៉ាត់រីជិនស៊ី​ដំបូងគេ​ក្នុងប្រទេសកម្ពុជា ហើយសណ្ឋាគាហាយ៉ាត់ ជាសណ្ឋាគារក៏ល្បីឈ្មោះ​លំដាប់​អន្តរជាតិ ដែលមានដើមកំណើត​ពីសហរដ្ឋ​អាមេរិក ក្នុង​រយៈពេល​៦០ឆ្នាំកន្លង​មកនេះ សណ្ឋាគាហាយ៉ាត់​មានសរុប​៦៦៣សណ្ឋាគារ​ក្នុង៥៦​ប្រទេស​នៅក្នុងប្រាំមួយទ្វីបនៃពិភពលោក»