(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ពង្រឹងការពារសន្តិសុខជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ផ្ទាល់ត្រូវបើកបរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ ការអំពាវនាវម្តងហើយម្តងទៀតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ ធ្វើឡើង នៅមុខពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងឈានមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ ជាឱកាសមួយដែលប្រជាពលរដ្ឋជាច្រើននាក់ គ្រោងនឹងធ្វើដំណើរទៅតាមបណ្តាខេត្ត នៅទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ឲ្យដឹងនៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ខណៈសម្តេច អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិត-សិស្ស សរុបប្រមាណ៩៨៤នាក់ នារី៣៨០នាក់ ដែលបានបញ្ចប់ការសិក្សា នាឆ្នាំសិក្សា២០១៥-២០១៦ នៅវិទ្យាស្ថានជាតិអប់រំ។

ថ្លែងឲ្យដឹងនៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សង្ឃឹមថា ការចូលឆ្នាំ នៅឆ្នាំនេះ ខ្ញុំសូមអំពាវនាវ ឲ្យកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំការពារនូវសុវត្ថិភាព សម្រាប់ ប្រជាពលរដ្ឋ ហើយជាពិសេសអំពាវនាវ ឲ្យប្រជាពលរដ្ឋបើកបរ ធានាធ្វើយ៉ាងណា ដើម្បីជៀសវាងនូវគ្រោះថ្នាក់»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ពង្រឹងការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋផ្ទាល់ ត្រូវបើកបរមានការ ប្រុងប្រយ័ត្ន នៅតាមដងផ្លូវសាធារណៈ។ ការអំពាវនាវរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា អាចនឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស៕