(រតនគិរី)៖ រថយន្តសាំយ៉ុងចំនួន២គ្រឿង បានដឹកឈើចេញពីខេត្តស្ទឹងត្រែង ឆ្ពោះមកទីរួមក្រុងបានលុង ដោយបើកចូលដីឡូតិ៍​មួយកន្លែង នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ ប៉ុន្តែពេលនោះ មន្រ្តីសាលាក្រុងបានលុង២នាក់ ថ្នាក់អភិបាលរង និងមន្រ្តីរដ្ឋបាល បើករថយន្តចេញតាមបង្ក្រាប ប៉ុន្តែបានត្រឹមសម្រួលបញ្ចប់ទៅវិញ នៅពេលក្រុមឈ្មួញទាំងនោះ បានផ្តល់លុយចំនួន៣ពាន់ដុល្លារ ជូនមន្រ្តីទាំង២រូបនេះ។

មន្រ្តីសាលាក្រុងបានលុងម្នាក់ សូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ភ្នាក់ងារ Fresh News ថា លោក អ៊ុន ស៊ីដេត អភិបាលរងក្រុងបានលុង និងលោក កៃ សាវិន មន្រ្តីរដ្ឋបាលសាលាក្រុង បានបើករថយន្តម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-0018 បានប្រដេញរថយន្តដឹកឈើម៉ាកសាំយ៉ុងចំនួន២គ្រឿង ចូលដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី​(គ្មានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ)។

បើតាមមន្រ្តីរូបនេះ «ប៉ុន្តែពួកគេ មិនអនុវត្តច្បាប់នោះទេ ពោលគឺជំរិតទារលុយត្រង់ៗពីម្ចាស់ឈើ និងម្ចាស់ដីឡូត៍​ប្រមាណ៣០០០ដុល្លារ ដើម្បីសម្រួលឲ្យយករថយន្តដឹកបទល្មើសចេញទៅវិញ នៅវេលាម៉ោង២រសៀលថ្ងៃដដែលនេះ»

មន្រ្តីរូបនេះក៏បានលួចបង្ហើបទៀតថា មន្រ្តីទាំង២រូបនេះក៏មានការជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងល្បែងស៊ី​សងផងដែរនៅក្រុងបានលុង។

យ៉ាងណាក៏ដោយ ភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺពីលោក អ៊ុន ស៊ីដេត និងលោក កៃ សាវិន បាននៅឡើយទេនៅ​រសៀលថ្ងៃដដែលនេះ។ សម្រាប់មន្រ្តីទាំង២រូបខាងលើ ក៏ត្រូវបានគេរាយការណ៍ថា មានលិខិតបេសសកម្មពី​អភិបាល​ក្រុង​បានលុងផងដែរ៕