(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នៅរសៀលថ្ងៃទី២២ ខែមីនានេះ បានប្រកាសរៀបចំការប្រកួតកីឡាវាយកូនគោលដណ្ដើមពានរង្វាន់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី លើកទី១ ឆ្នាំ២០១៧ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១២ ខែមេសាខាងមុខ នៅលើទីលានវាយកូនហ្គោលខេត្តសៀមរាប ដើម្បីអបអរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃពុធនេះ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានអំពាវនាវដល់កីឡាករចាប់អារម្មណ៍ រួសរាន់មកចុះឈ្មោះចូលរួមឲ្យបានមុនថ្ងៃទី៣០ ខែមីនាខាងមុខ ដើម្បីងាយស្រួលក្នុងការរៀបចំ ជាមួយនឹងការបែងចែកជា ២ប្រភេទវិញ្ញាសា គឺវិញ្ញាសាវ័យចាស់សម្រាប់ថ្នាក់ដឹកនាំតម្លៃ ១៥០ដុល្លារក្នុងម្នាក់ និងវិញ្ញាសាជំនាញ សម្រាប់កីឡាករកម្រិតជំនាញ ឬអាជីពតម្លៃ ១៨០ដុល្លារក្នុងម្នាក់។

លោកបន្ដថា ពានរង្វាន់វាយកូនគោលដ៏ធំនេះរៀបចំឡើងក្នុងគោលដៅបំផុត វិស័យកីឡាវាយកូនគោលកម្ពុជា ឲ្យកាន់តែរីកចម្រើន និងការប្រកួតលក្ខណៈវាស់ស្ទង់សមត្ថភាពកីឡាករកម្រិតជំនាញ និងអភិវឌ្ឍន៍សមត្ថភាពឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លើសពីនេះ ក៏ដើម្បីស្វែងរកមូលនិធិសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា និងអង្គការកុមារកំព្រាមួយចំនួន។ អ្វីដែលពិសេសព្រឹត្តិការណ៍នេះ ក៏នឹងមានការចូលរួមប្រកួតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតផង។

លោក សុខ សុធីរ៉ា អគ្គនាយកក្រុមហ៊ុនពិស្ណុការអន្ដរជាតិ ដែលទទួលបន្ទុកសហការរៀបចំព្រឹត្តិការណ៍នេះ បានអះអាងថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍នេះឲ្យបានល្អបំផុត ហើយមិនប៉ះពាល់ដល់ថវិកាសប្បុរសធម៌ឡើយ។ លោកសង្កត់ធ្ងន់ថា ការរៀបចំគឺក្រុមហ៊ុនជាអ្នកចំណាយ ខណៈថវិកាទទួលបានពីសប្បុរសធម៌នានា ដើម្បីរួមចំណែកជួយដល់សង្គមលោកមិនប៉ះពាល់នោះទេ ពោលគឺថវិកាទាំងនោះ ទុកសម្រាប់បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ឋា ឬអង្គការកុមារកំព្រាទាំងអស់តែម្ដង។

ឆ្លៀតក្នុងឱកាសនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើការអំពាវនាវដល់សប្បុរសជន លោកឧកញ៉ា និងក្រុមហ៊ុនឯកជនននា ចូលរួមគាំទ្រព្រឹត្តិការណ៍នេះទាំងអស់គ្នា ពិសេសគឺចូលរួមបរិច្ចាគថវិកាសប្បុរសធម៌ ដើម្បីរួមចំណែកជួយដល់សង្គម តាមរយៈសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា។ ហើយនេះគឺជាសកម្មភាពមួយដ៏ល្អ ដើម្បីជំរុញការអភិវឌ្ឍន៍កីឡាវាយកូនគោលកម្ពុជា ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕