(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញ​ចូលរួមប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលនៅអគ្គនាយកដ្ឋាន​សវនកម្មផ្ទៃក្នុងចំនួន១៨រូប។

យោងតាមសេចក្តីសម្រេច ការប្រកាសមុខតំណែងជូនដល់មន្រ្តីនគរបាល២រូប គឺលោកឧត្តមសេនីយ៍ទោ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ត្រី ធៀវ សុខន ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្ម​ផ្ទៃក្នុង។

ដោយឡែកសម្រាប់មន្រ្តីនគរបាល ត្រូវដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក (ផ្កាយ៣)មានចំនួន៧រូប ឧត្តមសេនីយ៍ទោ (ផ្កាយ២) ចំនួន១០រូប និងឧត្តមសេនីយ៍ត្រី (ផ្កាយ១)ចំនួន១រូប។

នៅក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ឯម សំអាន បានថ្លែងថា «ការប្រកាសតែងតាំង និងដំឡើងឋានន្តរស័ក្តិជូនមន្រ្តី​នគរបាលជាតិ​នៅពេលនេះ ជាសក្ខីភាពមួយថែមទៀត នៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំពោះកងកម្លាំងនគរបាលយើង ហើយក៏ជាការលើកទឹកចិត្តដល់មន្រ្តីនគរបាលជាតិ ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចរយៈពេលកន្លងមក»

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើទៅមន្រ្តីនគរបាលដែលទើបទទួលតំណែង និងបំពាក់ឋានន្តរស័ក្តិនៅថ្ងៃនេះ មិនត្រូវយកតួនាទី និងឋានន្តរស័ក្តិនេះ ទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ដែលផ្ទុយពីបំណង​ប្រាថា្នរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងប្រជាពលរដ្ឋយើងដាច់ខាត៕