(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឲ្យដឹងថា វិស័យជលផល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ការងារ និងមុខរបរសម្រាប់ជីវភាពរស់នៅរបស់ជនក្រីក្រ និងផ្តល់នូវសន្តិសុខស្បៀង រួមចំណែកដល់ផលិតផលសរុបក្នុងស្រុក និងរក្សាតុល្យភាពនៃការដោះដូររូបិយវត្ថុអន្តរជាតិ។

លោក វេង សាខុន បានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ វិស័យជលផលនៅតែជួបប្រទះបញ្ហាប្រឈម និងការគំរាមកំហែងទាំងខាងក្នុង និងខាងក្រៅវិស័យ។ បញ្ហាប្រឈម និង ការគំរាមកំហែងនោះរួមមានការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ការកាប់បំផ្លាញព្រៃលិចទឹក និងព្រៃកោងកាង បណ្តាលព្រៃលិចទឹក និងព្រៃកោងកាងបណ្តាលឲ្យប៉ះពាល់ដល់ទីជម្រកនៅទំបន់បឹងទន្លេសាប និងតំបន់ឆ្នេរសមុទ្រ ការរំលោភយកទីជម្រកនៅទមបន់ឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិ ការធ្វើអាជីវកម្មបូមខ្សាច់ និងក្រួស ឌេលធ្វើឲ្យប៉ះពាល់យថាហេតុដល់ទន្លេ និងតំបន់ឆ្នេរ ការសាងសង់ទំបន់វារីអគ្គីសនីនៅទន្លេមេគង្គ និងដៃរបស់វា ការជះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ លើធនធានជលផល កង្វះកិច្ចសហប្រតិបត្តិការផ្លងដែនរវាងអ្នកពាក់ព័ន្ធសំខាន់ៗ និងកង្វលិខិតបទដ្ឋាន ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មឆ្លងដែនជាដើម។

លោករដ្ឋមន្រ្តីបានបន្ថែមថា បញ្ហាប្រឈមមួយចំនួនកើតឡើងនៅក្នុងស្រុក និងមួយចំនួនទៀតកើតឡើងនៅក្នុងតំបន់ ឬសាកលលោក ជាពិសេស ការគំរាមកំហែងដល់ធនធានទឹក បរិមាណទឹកសម្រាប់ការលូតលាស់របស់មច្ឆជាតិ ដោយសារ ការប្រែប្រួលបរិស្ថាន ការសាងសង់ទំនប់ និងសកម្មភាពនានារបស់មនុស្ស ខណៈប្រទេសកំពុងតែមាន កំណើនប្រជាពលរដ្ឋ ពី១ឆ្នាំទៅ១ឆ្នាំគួរឲ្យកត់សំគាល់។

ការលើកឡើងរបស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឡើងនៅ ក្នុងឱកាស បើកសិក្ខាសាលាស្តីពី «ការពិគ្រៅយោបល់ដើម្បីឆ្លើយតបទៅនឹងតម្រូវការផែនការសកម្មភាព ក្នុងការលុបបំបាត់ការធ្វើនេសាទ ខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានអនុញ្ញាត នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ និងការចាប់ផ្តើមគម្រោងគាំទ្រ និងនិរន្តរភាបជលផល តាមរយៈការធ្វើទំនើបភាវូបនីយកម្មច្បាប់ស្តីពីជលផល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ។

លោក វេង សាខុន បានបន្តថា ដោយសារវិស័យជលផល មានការផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ក្នុងនោះមានកំណែទម្រង់វិស័យជលផលជាមុំមួយ នៃចតុកោណទី១ សំដៅជំរុញការសម្របសម្រូលអនុវត្តច្បាប់ រៀបចំផែនការសកម្មភាព និងពង្រឹងស្ថាប័ន ដែលពាក់ព័ន្ធនឹងវិស័យជលផល ដើម្បីធ្វើឲ្យគោលដៅថ្នាក់ជាតិ ក្នុងកិច្ចការពារបរិស្ថានជលផល ការលអភិវឌ្ឍជីវចម្រុះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម អភិបាលកិច្ច និងការកាត់បន្ថយភាពក្រីក្រ មានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីវិស័យជលផលផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផែនការអភិបាលកិច្ច និងយុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រ។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៤ កន្លងទៅសហភាពអឺរ៉ុប បានផ្តល់កាតក្រហម (បិទមិនឲ្យកម្ពុជានាំផលិតផលជលផល) ទៅកាន់សហភាពអឺរ៉ុប ដោយសារបញ្ហា IUU Fishing ពិសេសបញ្ហានាវានេសាទបរទេស ដែលបំពាក់ទង់ជាតិកម្ពុជា ធ្វើការនេសាទ ឬផ្ទេរនេសាទ ឬធ្វើសកម្មភាពពាក់ព័ន្ធនេសាទផ្សេងៗនៅក្នុងសមុទ្រអន្តរជាតិ មិនគោរពច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ បង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ធនធានជលផល សេដ្ឋកិច្ចសង្គម នៅក្នុងសាកលលោក។

កាលនោះ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតគណៈកម្មការជាតិសន្តិសុខសម្អសមុទ្រ គណៈកម្មការបង្រ្កាបបទល្មើសនានា និងការត្រួតពិនិត្យការធ្វើនេសាទក្នុងដែនសមុទ្រខេត្តកោះកុង និងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយក្រសួងក៏បានបង្កើតក្រុមការងារថ្នាក់ជាតិសម្រាប់ដឹកនាំ គ្រប់គ្រង សម្របសម្រូលសកម្មភាពប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត និងបានប្រជុំពិភាក្សាផ្ទៃក្នុងដើម្បីរៀបចំបញ្ជីព័ត៌មាន និងផែនការសកម្មភាពសម្រាប់ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការនេសាទខុសច្បាប់គ្មានរបាយការណ៍ និងការអនុញ្ញាត៕