(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន១៤គ្រួសារ បានស្នើសុំឲ្យអភិបាលរាជធានីភ្នំពេញ លោក ប៉ា​ សុជាតិវង្ស ជួយអន្តរាគមន៍លុបបំបាត់ ការសង់ផ្ទះ និងរបងរំលោភទាំងស្រុងកំណត់ផ្លូវលេខ១៩៦៦ ដែលមាននៅក្នុងគម្រោងប្លង់ LMAP ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយគ្មានផ្លូវចេញចូលនោះឡើយ។

តាមការលើកឡើងរបស់អភិបាលរងរាជធានីភ្នំពេញ លោក ឃួង​ ស្រេង កំណាត់ផ្លូវនេះ នឹងត្រូវបើកការដ្ឋានសាងសង់ឲ្យបានមុនបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែនៅពេលនេះទំនងមិនអាចនោះទេ ដោយសារតែមានបុគ្គលឈ្មោះ សុខ គង់ បានសង់រំលោភបាត់ទៅហើយ។

ចំពោះករណីនេះ ទាំងអាជ្ញាធរមូលដ្ឋាន អាជ្ញាធរខណ្ឌសែនសុខ បានចូលរួមដោះស្រាយជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនោះទេ បើទោះបីផ្លូវមួយនេះស្ថិតនៅក្នុងគម្រោងប្លង់ LMAP ដែលបានអនុម័តរួចហើយតាំងពីឆ្នាំ២០០៦មកម្ល៉េះ។

នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ​ ប្រជាពលរដ្ឋទាំង១៤គ្រួសារ បាននាំគ្នាទៅប្រមូលតវ៉ានៅទីតាំងដីដែលបុគ្គលឈ្មោះ សុខ គង់ បានរំលោភយក ដើម្បីសុំអំពាវនាវដល់អភិបាលរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហានេះផង។

នៅក្នុងកិច្ចប្រជុំដោះស្រាយផលប៉ះពាល់នៃការបើកផ្លូវលេខ១៩៦៦ ចន្លោះពីផ្លូវលេខ១០០៣ រហូតដល់ផ្លូវលេខ១០០៧ហ្សិត ក្នុងសង្កាត់ភ្នំពេញថ្មី កាលពីអំឡូងខែធ្នូ ឆ្នាំ២០១៦ លោក ឃួង ស្រេង ដែលជាប្រធានអង្គប្រជុំ បានបញ្ជាក់ដោយសរុបដូចខាងក្រោម៖

ទី១៖ ចំពោះផ្លូវលេខ១៩៦៦ ទៅសង្កាត់ភ្នំពេញថ្មីនេះ​ គឺបន្តស្ថាបនាឲ្យបាន៣០ម៉ែត្រ ទោះបីត្រូវកាត់ដីលោក សុខ គង់ ដែលដីនោះបានសាងសង់ផ្ទះ និងរបងលើដីស្ថិតនៅក្នុងគម្រោងប្លង់ LMAP ដែលបានអនុម័តរួចហើយតាំងពីឆ្នាំ២០០៦។ មិនអាចទទួលយកបានការសុំផ្តល់ដីទំហំ១៥ម៉ែត្រ ឬ២០ម៉ែត្រ ដោយរក្សាទុកដីនៅសល់ និងសុំធ្វើប័ណ្ណសម្គាល់សិទ្ធិរបស់លោក សុខ គង់ នោះទេ។ សាលារាជធានីភ្នំពេញ មានកាតព្វកិច្ចធ្វើផ្លូវនេះ ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រយោជន៍សាធារណៈ។

ទី២៖ ទទួលយកការតវ៉ា និងទទួលពិនិត្យឯកសារពាក់ព័ន្ធ នៃការកាន់កាប់ និងប្រើប្រាស់ដីក៏ដូចជា៖ ឯកសារផ្ទេរសិទ្ធិលក់ដីរបស់លោក សុខ គង់ ដើម្បីពិចារណាអំពីកិច្ចសន្យាធ្វើឡើងដែលមាន «ខ» ចែងថា នឹងប្រគល់ដីជូនរដ្ឋសម្រាប់ធ្វើផ្លូវដែលលោក សុខ​ គង់ អាចប្រព្រឹត្តល្មើសក្បត់ទំនុកចិត្ត នៃកិច្ចសន្យាប្រសិនបើគាត់នៅតែតាមទាមទារចង់រក្សាទុកដីនោះ ដែលបានលក់ដីឲ្យគេរួចមកកាន់កាប់ដីផ្លូវវិញ។ អាជ្ញាធរមានករណីកិច្ចត្រូវការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់ប្រជាពលរដ្ឋ។

ទី៣៖ ប្រគល់ជូនសាលាខណ្ឌសែនសុខ​ បន្តស្រាវជ្រាវឯកសារគតិយុត្តពាក់ព័ន្ធ និងរាយការណ៍ជូនសាលារាជធានីភ្នំពេញឡើងវិញ ដើម្បីពិនិត្យ និងធ្វើការដោះស្រាយម្តងទៀតពេលឆាប់ៗខាងមុខនេះ។

ប្រជាពលរដ្ឋបាននិយាយថា ពួកនឹងសុំជួបលោកអភិបាលរាជធានីភ្នំពេញតែម្តង ដើម្បីសុំជួយដោះស្រាយបញ្ហានេះឲ្យបានជោគជ័យ ដែលសម័យនេះទៅហើយ មិនគួរណាមានបុគ្គលណាទៅរំលោភដីសាធារណៈរប​ស់រដ្ឋបែបនេះទៀតទេ៕