(ពោធិ៍សាត់)៖ កំណាត់ផ្លូវលំមួយខ្សែ ដែលតភ្ជាប់ពីផ្លូវកៅស៊ូ ក្នុងភូមិលលកស ទៅកាន់ផ្លូវបំបែក ផ្លូវជាតិលេខ៥៥ ក្នុងភូមិវត្តហ្លួង ឆ្លងកាត់ភូមិកោះ និងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានប្រវែង៥៧០០ម៉ែត្រ និងទទឹងទៅតាមទីតាំងជាក់ស្តែង ប្រើប្រាស់ថវិកាខេត្ត និងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ អញ្ចើញបើកការដ្ឋានស្ថាបនា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ដោយមានអ្នកចូលរួមជាង ៥០០នាក់។

លោក ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងថាថា ផ្លូវលំក្រាលគ្រួសក្រហម ប្រវែង៥៧០០ម៉ែត្រ និងទទឹងទៅតាមទីតាំង ជាក់ស្តែង ចាប់ពីផ្លូវកៅស៊ូ ភូមិលលកស រហូតទៅដល់ផ្លូវជាតិលេខ៥៥ ក្នុងភូមិវត្តហ្លួង ដែលបានបើកការដ្ឋានស្ថាបនា នាពេលនេះអនុវត្តន៍ និងប្រើប្រាស់គ្រឿងចក្រ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងចូលរួមថវិការបស់ខេត្តផ្តល់ជូន ប្រជាពលរដ្ឋក្នុងសង្កាត់លលកស សម្រាប់ធ្វើចរាចរណ៍ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ដោយអនុវត្តន៍ជា ២ដំណាក់កាល គឺដំណាក់កាលទី១ ពង្រីកតួផ្លូវ និងក្រាលគ្រួសក្រហម ឱ្យបានរួចរាល់មុនបុណ្យចូលឆ្នាំ និងដំណាក់កាលទី២ ឈានចូលដល់ដើមឆ្នាំ២០១៨ ចាក់កៅស៊ូគឺជាការស្រេច។

លោកអភិបាលខេត្តបន្តថា កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវដែលមានការប៉ះពាល់ របងផលដំណាំបន្តិចបន្តួច មេត្តាបើកបេះដូងឱ្យទូលាយ ចូលរួមដោយស្មោះស្ម័គ្រ ដើម្បីយើងទទួលបានផ្លូវលំដ៏ល្អនេះ ជាប្រយោជន៍រួម និងបានប្រើប្រាស់ទាំងអស់គ្នា។

លោកអភិបាលខេត្តបន្តទៀតថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធិផលនានាជាច្រើន ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់លលកស ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ គឺជាការតបស្នងទៅនឹងគុណបំណាច់ដែលបានគាំទ្រសម្តេចបន្តដឹកនាំប្រទេស។

លោកអភិបាលខេត្តបានជម្រាបជូនថា ខេត្តពោធិ៍សាត់គឺជាខេត្តមួយក្នុងចំណោម ២៥រាជធានី/ខេត្ត ដែលប្រមុខរាជ រដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធបានច្រើនជាងគេ ដូចជាទំនប់ទី៣ និងទី៥ នៅក្នុងស្រុកភ្នំក្រវាញ ដែលអាចតម្កល់ទឹកបានជាង៥០លានម៉ែត្រគូប និងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងទៀ ដែលអាចស្រោចស្រពផលដំណាំកសិកម្ម បានទាំងរដូវវស្សា និងរដូវប្រាំង។ លោកអភិបាលខេត្តបានជម្រាបជូនទៀតថា ផ្លូវជនបទ ក្នុង២០១៦-២០១៧ ខេត្តទទួលបាន១០ខ្សែ មានប្រវែង១២៥គីឡូម៉ែត្រ ដែលបាននឹងកំពុងធ្វើការស្ថាបនា  និងផ្លូវជាតិលេខ៥៥មួយខ្សែទៀត ជិត២០០គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិ៥ ឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ សម្រេចក្រាលកៅស៊ូ បាន៣៥%ហើយ។

ពាក់ព័ន្ធទៅនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន លោក ម៉ៅ ធនិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការទាំងអស់គ្នាក្នុងការលុបបំបាត់ទាំងក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទបើមានករណីនេះ កើតត្រូវផ្តល់ព័ត៌មានដល់អាជ្ញាធរដែនដី មន្ត្រីមានសមត្ថកិច្ច និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីផ្តល់ភាពសុខសាន្តក្នុងសង្គមគ្រួសារក៏ដូចក្នុង សង្គមជាតិយើងទាំងមូល។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបន្តចុះពិនិត្យទីតាំង គ្រោងសាងសង់រង្វង់មូលក្រូចពោធិ៍សាត់ នៅចំណុចផ្លូវ បំបែកភូមិវត្តហ្លូង ជាប់ផ្លូវជាតិលេខ៥៥ ព្រមទាំងបន្តចុះពិនិត្យការស្ថាបនាអគាររដ្ឋបាលសាលាខេត្តថ្មីផងដែរ៕